ព័ត៌មានជាតិ

សម្តេចតេជោ ៖ សង្គ្រាម និងទណ្ឌកម្ម ធ្វើឲ្យពិភពលោកបែកបាក់ គ្មានសណ្ឋាប់ធ្នាប់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សង្គ្រាម និងការដាក់ទណ្ឌកម្មបានកំពុងធ្វើឲ្យពិភពលោក បែកបាក់ គ្មានសណ្តាប់ធ្នាប់ ហើយបំផ្លាញវិស័យទេសចរណ៍ផងដែរ ។

សម្តេចតេជោ បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញវិស័យទេសចរណ៍ដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នៅព្រឹកថ្ងៃ១៤កក្កដាថា ក្រៅពីជំងឺកូវីដបញ្ហាថ្មីក៏មកដល់ដែលបំផ្លាញវិស័យទេសចរណ៍នោះ គឺការចាប់ផ្តើមពីសង្គ្រាមនិងទណ្ឌកម្មបានបង្កើតឲ្យស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្តាប់ធ្នាប់។

សម្តេចគូសបញ្ជាក់ថា «វាមិនគ្រាន់តែសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែនទេ តែវាក៏ផ្តើមចេញពីទណ្ឌកម្ម ដែលធ្វើឲ្យចលាចលទីផ្សារទូទាំងពិភពលោក ហើយការព្រមានជាបន្តបន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) មិនមែនហេតុផលនោះទេ ។ កំណើនសេដ្ឋកិច្ចក្នុងពិភពលោក នឹងធ្លាក់ចុះជាបន្តបន្ទាប់ ហើយអតិផលរណានឹងកើនឡើង»។

សម្តេចថា បញ្ហាទាំងនេះ ទាក់ទងនិងជីវភាពប្រជាជននៅតាមបណ្តាប្រទេស ពិសេសសំបុត្រយន្តហោះអាចឡើងថ្លៃមួយជាពីរដែលអាចរំខានប៉ះពាល់ដល់វិស័យទេសចរណ៍ ។ ចំណុចមួយទៀតដែលត្រូវមើលឃើញទុកជាមុននោះ គឺបើសិនតម្លៃប្រេងនៅបន្តឡើងថ្លៃទៀត វិបត្តិសេដ្ឋកិច្ចសកលអាចកើនមានហើយពាក់ព័ន្ធវិស័យទេសចរណ៍នឹងលំបាក ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ចំពោះនយោបាយសូនកូវីដរបស់ចិនក៏បានប៉ះពាល់ដល់វិស័យទេចរណ៍កម្ពុជាដែរ ប៉ុន្តែកម្ពុជាក៏បានយោគយល់ចំពោះកិច្ចការពារខ្លួនរបស់ប្រជាជនចិនក្នុងការអនុវត្តការពារកុំឲ្យមានមនុស្សស្លាប់នៅចិន។ បើតម្លៃសំបុត្រយន្តហោះចំពោះអ្នកទេសចរណ៍ធ្វើដំណើរមកពីអាមេរិក ឬពីតំបន់ផ្សេងចូលកម្ពុជា សំបុត្រយន្តហោះកាន់តែថ្លៃ សភាពការនេះកាន់តែលំបាក។

សម្តេចឲ្យដឹងទៀតថា «ខ្ញុំសូមបញ្ជាក់ថា បើសិនអគ្គិសនីកម្ពុជាមិនទទួលរ៉ាប់រងពីសំណាក់រាជរដ្ឋាភិបាលទេ តម្លៃប្រេង តម្លៃធ្យូងថ្ម បច្ចុប្បន្ននេះបានធ្វើឲ្យអគ្គិសនីកម្ពុជាត្រូវខាតបង់ ហើយប្រសិនបើយើងមិនទទួលរាប់រងនូវការខាតបង់នេះ គ្រាន់តែតម្លៃអគ្គិសនីនោះ សណ្ឋាគាទាំងឡាយ នឹងត្រូវស្លាប់ទាំងអស់»៕

To Top