ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យបន្តអភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យប្រសើរឡើងវិញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានាបានដាក់ចេញ ក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍ ឲ្យប្រសីរឡើងវិញ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ក្នុងមួយទសវត្សរ៍ចុងក្រោយវិស័យទេសចរណ៍នៅកម្ពុជារីកលូតលាស់គួរឲ្យកត់សម្គាល់ តែជាអកុសលការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំចុងក្រោយ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង។

សម្ដេចតេជោបន្តថា «ត្រូវធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ក្នុងនោះ ក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញ ក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍។ ក្រសួងទេសចរណ៍ត្រូវបន្តតាមដាន និងវិភាគស្ថានភាពវិស័យ ទេសចរណ៍កម្ពុជា តំបន់ និងសកលលោកឲ្យបានជាប់ជាប្រចាំ»។

សម្ដេចតេជោបន្ដថា បន្តជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ ដោយបន្តអនុវត្តកម្មវិធីគាំពារអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញប្បទាន និងកម្មវិធីផ្តល់ការធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា។ សម្ដេចថា ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្ស នៅក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញ ការជំរុញអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍សំដៅឈានដល់ការអភិវឌ្ឍ «ទេសចរណ៍ឆ្លាត» ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។

សម្ដេចតេជោបន្ថែមថា បង្កើនភាពទាក់ទាញគោលដៅកម្ពុជា សម្រាប់ទីផ្សារទេសចរណ៍ជាតិ និងអន្តរជាតិ តាមរយៈបន្តពង្រឹងការអនុវត្ត វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ជំរុញពិពិធកម្មគោលដៅផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែងខ្ពស់។

លើសពីនេះ សម្ដេចតេជោបញ្ជាក់ថា ត្រូវសិក្សាប្រភពទីផ្សារគោលដៅដែលមានសក្តានុពល និងចាប់យកបច្ចេកវិទ្យាឌីជីថល ទាំងរដ្ឋ និងវិស័យឯកជន ពិសេសការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តាមបែបឌីជីថល ការទូទាត់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល៕

To Top