ព័ត៌មានជាតិ

ប្រធានក្រុមការងារ គណបក្ស CPP ចុះជួយខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សស្រុកស្រីសន្ធរ

កំពង់ចាម ៖ លោក យឹម ឆៃលី ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយ ខេត្តកំពង់ចាម ព្រមទាំង លោក អ៊ុន ចាន់ដា ប្រធានគណបក្ស ប្រជាជន ខេត្តកំពង់ចាម និងក្រុមការងារ ចុះជួយស្រុកស្រីសន្ធរ ជាច្រើនទៀត នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២២ បានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកស្រីសន្ធរ ។

ស្ថិតក្នុងឱកាសនោះ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម លោក យឹម ឆៃលី បានមានប្រសាសន៍ កោតសរសើរ និងសូមអរគុណដល់សមាជិក សមាជិកាគណបក្ស ស្រុកស្រីសន្ធរ និងគណបក្សឃុំទាំងអស់ ក្នុងស្រុកស្រីសន្ធរ ព្រមទាំងក្រុមការងារ ថ្នាក់កណ្តាល និងថ្នាក់ខេត្ត ចុះជួយស្រុកស្រីសន្ធរ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិក សមាជិកា នៅមូលដ្ឋានជាប់ ជាប្រចាំ និងបានចំណាយធនធានថវិកា និងសម្ភារៈ ដើម្បីរួមចំណែកអភិវឌ្ឍស្រុកស្រីសន្ធរ ដោះស្រាយបញ្ហាការលំបាកផ្សេងៗរបស់ប្រជាជន។ ប្រការនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីកម្លាំងសាមគ្គីភាពដ៍ខ្លាំងក្លា និងភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅក្បែរ ប្រជាជនគ្រប់កាលៈទេសៈ ។

លោក យឹម ឆៃលី បន្តថា សមាជិក សមាជិកា នៃអង្គពិធីជ្រាបហើយថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា បានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានឆន្ទៈមោះមុតបន្តផ្តោតលើការជំរុញនាវាកម្ពុជា ឱ្យធ្វើដំណើរទៅមុខជារៀងរហូត បើទោះបីជាមានបញ្ហាប្រឈម មួយចំនួនក៏ដោយ ។

លោក យឹម ឆៃលី បន្តទៀតថា សម្ដេចតេជោ នាយករដ្ឋមន្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ឆ្ពោះទៅរកការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពសង្គម ធ្វើអំពើល្អ ដឹកនាំល្អ កសាងស្នាដៃ និង សមិទ្ធផលជាក់ស្តែង ជាច្រើនជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានការចូលរួមពីវិស័យឯកជន និងអ្នកផ្សេងៗទៀត បានបរិច្ចាគ ធនធានជាច្រើន ក្នុងការរួមចំណែកអភិវឌ្ឍ ប្រទេសជាតិ ជាមួយនឹងរាជរដ្ឋាភិបាល ដូចជាការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានា។ល។ ដើម្បីរួមចំណែក លើកកម្ពស់ជីវភាព ប្រជាជន នៅក្នុងស្រុកស្រីសន្ធរនេះ ៕

To Top