ព័ត៌មានជាតិ

ឆមាសទី១ ! កម្ពុជា នាំចេញអង្ករជិត ៣៣ម៉ឺនតោន គិតជាទឹកប្រាក់ជាង ១៩៨ លានដុល្លារ (Video)

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២២ មានកំណើនជាង ១៦% បានបរិមាណសរុបចំនួន ៣២៧ ២០០ តោន គិតជាទឹកប្រាក់ជាង ១៩៨ លានដុល្លារ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា «សម្រាប់ឆមាសទី១ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន បានអង្ករចំនួន ៣២៧ ២០០ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩៨.៦៣ លានដុល្លារសហរដ្ឋអាមេរិក»។

សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបរាប់ថា កម្ពុជានាំអង្ករចេញ ទៅកាន់ប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៦៨ ២៨០ តោន ឬស្មើនឹង ៥១.៤៣% មានកំណើន ចំនួន ១៧.៤៤ % បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ការនាំចេញទៅកាន់ប្រទេសនានា នៅក្នុងទ្វីបអឺរ៉ុបចំនួន ២៣ប្រទេស បានចំនួន ១០៦ ១៩៤ តោន ឬស្មើនឹង ៣២% មានកំណើន ចំនួន ៤៦.៩០% ។ ការនាំចេញទៅកាន់ ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេស បានចំនួន ២៨ ៦៨០ តោន ឬស្មើនឹង ៨.៧៧% ដែលមានកំណើនចំនួន ៦.៦៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេស បានចំនួន ២៤ ០៤៦ តោន ឬស្មើនឹង ៧.៣៥%។

លើសពីនេះ សម្រាប់ប្រភេទអង្ករនាំចេញ គឺមានអង្ករក្រអូបគ្រប់ប្រភេទ បានចំនួន ៦២.៤៤% អង្ករ ស បានចំនួន ៣៤.១២% អង្ករចំហ៊ុយ បានចំនួន ១.៩៣% និងអង្ករសរីរាង្គបានចំនួន ១.៥០% និងអង្ករដំណើប បាន០.០១% ឬស្មើនឹង ២៣ តោន។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២២ នេះដែរ កម្ពុជាបាននាំចេញស្រូវសរុបបានចំនួន ១ ៧៣៣ ១៥៧ តោន គិតជាទឹកប្រាក់មានចំនួន ៤០១.៩៦ លានដុល្លារ៕

To Top