ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់ក្រសួងយុត្តិធម៌ជប៉ុនថា ការអនុវត្តទោស ក្នុងសហគមន៍ នៅកម្ពុជាសព្វថ្ងៃ មិនបានរលូននោះទេ (Video)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រាប់ក្រសួងយុត្តិធម៌ជប៉ុនថា ការអនុវត្តទោសក្នុងសហគមន៍ នៅកម្ពុជាសព្វមិនអាចអនុវត្តបានរលូននោះទេ ដោយសារខ្វះការគាំទ្រពីប្រជាពលរដ្ឋ តែទោះជាយ៉ាងណាកម្ពុជា នឹងខិតខំធ្វើការងារនេះ។

https://youtu.be/QXn9Us-XueY

ក្នុងជំនួបពិភាក្សាការងារជាមួយលោក KADA Hiroyuki អនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជប៉ុន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា «យើងកំពុងតែមានប្រឈមមួយ គឺចង្អៀតណែនក្នុងពន្ធនាគារ» កន្លងមករាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការផ្សេងៗ ក្នុងនោះរួមមាន៖ ទី១-បន្ធូរបន្ថយទោស ដែលរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការពិនិត្យ និងលើកលែងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យជាតិផ្សេងៗ ,ទី២-ការអនុវត្តទោស នៅក្នុងសហគមន៍ និងទី៣-និងការដោះលែងដោយមានលក្ខខណ្ឌ។

ពាក់ព័ន្ធនឹងការអនុវត្តទោសក្នុងសហគមន៍ សម្ដេចក្រឡាហោម បានថ្លែងថា «សព្វថ្ងៃនៅកម្ពុជាមិនអាច អនុវត្តបានរលូននោះទេ ដោយសារខ្វះការគាំទ្រពីប្រជាពលរដ្ឋ តែទោះជាយ៉ាងណាកម្ពុជា នឹងខិតខំធ្វើការងារនេះ ដើម្បីឈានទៅកាត់បន្ថយការចំណាយរបស់រដ្ឋ ខណៈវិធានការដោះលែង ដោយមានលក្ខខណ្ឌនោះ គឺជាការដោះលែងបន្ទាប់ពីអ្នកទោស អនុវត្តទោសបានមួយរយៈ ជាមួយនឹងការកម្រិតលក្ខខណ្ឌមួយចំនួន»។

សម្ដេចក្រឡាហោម បន្តថា វិធានការនេះ កំពុងតែស្ថិតក្នុងដំណាក់កាលអនុវត្ត ដកស្រង់បទពិសោធន៍។ នាឱកាសនោះ សម្ដេច ក៏បានលើកឡើងថា សព្វថ្ងៃ ជនអន្តោប្រវេសន៍បរទេស កំពុងមានវត្តមាននៅកម្ពុជាប្រមាណ ៩ម៉ឺននាក់ ហើយរាជរដ្ឋាភិបាលកំពុងរៀបចំ លិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងការងារនេះ។

ចំពោះវិស័យពន្ធនាគារ លោក KADA Hiroyuki បានប្រាប់ សម្ដេចក្រឡាហោម ស ខេង ថា អង្គការសហប្រជាជាតិ សម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងប្រព្រឹត្តិចំពោះជនល្មើស ហៅកាត់ថា (UNAFEI) ដែលសហការជាមួយអង្គការ UNODC កំពុងរៀបចំសិក្ខាសាលាមួយ នៅប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ និងការផ្លាស់ប្ដូរធនធាន ការកសាងបណ្ដាញក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ចំពោះសិក្ខាសាលានេះវិញ លោក បានសង្ឃឹមថា ក្រសួងមហាផ្ទៃកម្ពុជា នឹងចាត់មន្ដ្រីអញ្ជើញចូលរួម ក្នុងសិក្ខាសាលានេះ៕

To Top