ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជម្រុញដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ពិនិត្យមើលថែដើមឈើគ្រប់ប្រភេទ ដែលបានដាំរួចនៅភ្នំពេញ ឲ្យបានល្អ ពិសេសត្រូវជួយបំផុស ប្រជាពលរដ្ឋ ចេះស្រលាញ់ និងមើលថែដើមឈើ ជៀសវាងការកាប់បំផ្លាញ។

ការជម្រុញរបស់លោក ឃួង ស្រេង បែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ពិធីដាំដើមឈើអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅបរិវេណវត្តឆ្លៀត សិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ។

លោក ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញ ថ្វីត្បិតតែពុំមានផ្ទៃដីទំនេរ មានសម្រាប់ដាំឈើ ជាចម្ការក៏ពិតមែន តែពិធីនេះតែងត្រូវ បានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដូចបណ្តាខេត្តនានាទូទាំងប្រទេសដែរ លើកលែងតែឆ្នាំ២០២០ និង២០២១ ដែលពិធីនេះត្រូវអាក់ខាន ដោយសារការឆ្លងរាលដាល នូវជំងឺកូវីដ-១៩ ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពបណ្តុះកូនឈើ និងចែកចាយកូនឈើជូនសាធារណជន អង្គភាពសាធារណៈ សាលារៀន វត្តអារាម សម្រាប់យកទៅដាំ ត្រូវបានអនុវត្ត ជាធម្មតាស្របតាមរដូវកាលដាំដុះ មិនមានការអាក់ខានឡើយ ដោយគ្រាន់តែមិនមានការជួបជុំគ្នា ប្រារព្ធពិធីប៉ុណ្ណោះ។ នេះជាការបញ្ជាក់បន្ថែម របស់លោកអភិបាលរាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បន្តថា នៅភ្នំពេញ បានត្រៀមដើមឈើចំនួន២សែនដើម ដើម្បីដាំនៅឧទ្យាន ។ សម្រាប់មន្ទីរកសិកម្មភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុងការពិនិត្យមើលថែដើមឈើគ្រប់ប្រភេទ ដែលបានដាំរួច ព្រោះមានមនុស្សខ្លះ លួចកាប់ដើមឈើ ។ នេះជាបញ្ហាមួយត្រូវ តែយកចិត្តទុកដាក់ មើលថែដើមឈើឲ្យបានម៉ត់ចត់។

ជាមួយគ្នានោះដែរ លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្មភ្នំពេញ បានឲ្យដឹងដែរថា រុក្ខទិវា ត្រូវប្រារឰធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រកម្ពុជា ឬព្រះរាជតំណាង ។ ការរៀបចំពិធីអបអរសាទរទិវាដាំដើមឈើ ជាប្រពៃណីជាតិឆ្នាំនេះ បានកំណត់យកបរិវេណ វត្តឆ្លៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល ខណៈកាលពីឆ្នាំ២០១៩ ពិធីដាំដើមឈើបានធ្វើឡើង នៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) ។

លោកថា ឆ្នាំនេះ បានដាំដើមឈើចម្រុះគ្រប់ប្រភេទ (ក្រញូង ធ្នង់ នាងនួន បេង គគីរ ឈើទាល គីនីន ច្រេស កកោះ សាគូរ៉ា ត្នោត ក្ងោក អំពិលបារាំង ឥន្ទនេល រាំងភ្នំ រាំងទឹក និងដើមពោធិ៍) ចំនួន ១ ០៧២ដើម ។ លើសពីនេះបានដាំដើមឈើចំនួន ៣ ១១៦ដើមទៀត នៅតាមបណ្តាវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ នៃមន្ទីរកសិកម្ម ក៏បានបណ្តុះកូនឈើជាច្រើនប្រភេទ ចំនួន៣០០០០ដើម ក្នុង១ឆ្នាំ សម្រាប់ទុកប្រគេនព្រះសង្ឃ និងចែកឲ្យពលរដ្ឋយកទៅដាំ ។ គិតត្រឹមដំណាច់ខែមិថុនានេះ កូនឈើទុកត្រៀម សម្រាប់ចែកជូនសាលារៀន វត្តអារាម ខណ្ឌ គ្រឹះស្ថានសាធារណៈ និងពលរដ្ឋជាង ៤០ ០០០ដើម ៕


