ព័ត៌មានជាតិ

អនុព័ន្ធយោធាប៉ាគីស្ថាន ស្នើសុំឲ្យមានការិយាល័យ អនុព័ន្ធយោធាកម្ពុជា នៅប្រទេសខ្លួន (Video)

ភ្នំពេញ ៖ ក្រៅពីបង្ហាញបំណង ចង់ចែករំលែកបទពិសោធន៍មួយចំនួន ដល់កងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងនោះមានទាំងមុខជំនាញ ប្រឆាំងភេរវកម្ម ចារកម្ម និងមុខជំនាញ នៃបណ្ដាប្រភេទទ័ព លោកវរសេនីយ៍ឯក Muhammad Tayyab អនុព័ន្ធយោធាប៉ាគីស្ថានដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក ប្រទេសថៃ ក៏បានស្នើសុំឲ្យមានការិយាល័យ អនុព័ន្ធយោធាកម្ពុជា នៅប្រទេសខ្លួនផងដែរ ។

ការស្នើសុំរបស់លោកវរសេនីយ៍ឯក Muhammad Tayyab ធ្វើឡើងក្នុងជំនួប ជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ។ បើតាមលោក Muhammad Tayyab ការស្នើសុំឲ្យមានការិយាល័យ អនុព័ន្ធយោធាកម្ពុជា នៅប៉ាគីស្ថាន ដើម្បីបង្កើន ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ល្អថែមទៀត ក្រោយពីទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ មានជាមួយគ្នា តាំងពីឆ្នាំ១៩៥២ ខណៈបច្ចុប្បន្នប្រទេសទាំងពីរ នៅតែមានទំនាក់ទំនងល្អ ជាមួយគ្នាដដែល។ លោកថា “ស្នើសុំឲ្យមានការិយាល័យ អនុព័ន្ធយោធាកម្ពុជា នៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អថែមទៀត”។

ជាមួយគ្នានេះ វរសេនីយ៍ឯក Muhammad Tayyab ក៏បានអញ្ជើញនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប៉ាគីស្ថាន ក្នុងពេលវេលាសមស្របណាមួយ ។

ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលយកដោយរីករាយ ចំពោះការអញ្ជើញទៅធ្វើទស្សនកិច្ច នៅប៉ាគីស្ថាន និងពិចារណា ចំពោះការស្នើសុំគោលការណ៍សម្រេច ពីក្រសួងការពារជាតិ ក្នុងការបង្កើត ឲ្យមានការិយាល័យ អនុព័ន្ធយោធាកម្ពុជានៅប៉ាគីស្ថាន ។

ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើសុំឲ្យប៉ាគីស្ថាន បន្តជួយការបណ្ដុះបណ្ដាល ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ទាំងផ្នែកកងទ័ពជើងគោក ជើងទឹក ជើងអាកាស កម្លាំងទ័ពពិសេស និងការផ្លាស់ប្ដូរនូវលំហាត់ ពីគ្នាទៅវិញទៅមក ៕

To Top