នយោបាយ

សៀវភៅស្តីពី «ប្រជាធិបតេយ្យ តាមបែបផែនចិន» ស្រាវជ្រាវចងក្រងឡើង ដោយបណ្ឌិត ជា មុនីឬទ្ធិ ត្រូវបានផ្សព្វផ្សាយ នៅព្រឹទ្ធសភាកម្ពុជា

សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ត្រូវបានធ្វើការផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រី សាស្រ្តាចារ្យ និងនិស្សិត ជាច្រើនរូប ។ សៀវភៅនេះ មានកម្រាស់ ៨០ទំព័រ ចែកចេញជាបីជំពូកធំៗ រួមមាន៖ សង្គមនិយមតាមបែបផែនចិន, ឧត្តមគតិតាមបែបផែនចិន, ការទូតតាមបែបផែនចិន ។

លោក លឹម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា នាឱកាសនោះ បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំសិក្សាស្រាវជ្រាវ របស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ហើយតាមរយៈសៀវភៅ ស្តីពីប្រជាធិបតេយ្យ តាមបែបផែនចិន ដែលជាស្នាដៃបន្ថែមថ្មី របស់លោកបណ្ឌិត ជា មុនីឫទ្ធិ នឹងផ្តល់ជាប្រទីបបំភ្លឺ ផ្លូវដល់អ្នកសិក្សាស្រាវជ្រាវនានា ក្នុងការឈ្វេងយល់ពីប្រទេសចិន បន្ថែមលើសៀវភៅជាច្រើន ដែលសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានសិក្សាស្រាវជ្រាវ និងបកប្រែ ដូចជាសៀវភៅ Xi Jinping ៖ អភិបាលកិច្ចប្រទេសចិន ដែលបានបកប្រែ មកជាខេមរភាសាជាដើម ។

លោកក៏ បានលើកទឹកចិត្ត ដល់អង្គពិធីជាពិសេសមន្ត្រី អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា និងនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានចូលរួមក្នុងកម្មវិធី នាព្រឹកនេះ បន្តការអានដោយយកចិត្តទុកដាក់ លើកម្រងឯកសារស្នាដៃ ស្រាវជ្រាវ របស់លោកបណ្ឌិត ជា មុនីឫទ្ធិ ហើយជំរុញឱ្យបណ្ណាល័យ បន្តកិច្ចសហការជាមួយ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការបង្កើនបរិមាណសៀវភៅ សិក្សាស្រាវជ្រាវពីប្រទេសចិន។

តាមរយៈសៀវភៅដែល ទើបបោះពុម្ពនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចពីបញ្ញត្តិ ប្រជាធិបតេយ្យ ដោយបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យ មិនមែនជាគំរូឯកសណ្ឋាន ឬការកំណត់រចនាសម្ព័ន្ធដូចគ្នា ទាំងស្រុងសម្រាប់គ្រប់ប្រទេស នានាជុំវិញពិភពលោក។

«ប្រសិនជាយើងចង់កំណត់ថា តើប្រទេសមួយមាន ឬមិនមានលទ្ធិប្រជាធិបតេយ្យ គួរតែទុកឲ្យប្រជាជន នៃប្រជាជាតិនោះជាអ្នកឆ្លើយ ហើយផ្ទៀងផ្ទាត់នឹងលក្ខខណ្ឌជីវភាពរស់ ។ ក្រោមការដឹកនាំរបស់បក្ស កុម្មុយនិស្តចិនដែលមាន ឯកឧត្តម Xi Jinping ជាស្នូលបានបង្ហាញថា នៅឆមាសទីមួយឆ្នាំ២០២២ ផលិតផលក្នុងស្រុក សរុបរបស់ប្រទេសចិន គឺ៥៦,២៦៤២ ទ្រីលានប្រាក់យាន់ចិន បើគិតជាតម្លៃថេរ នោះបានកើនជាង២,៥ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២១ ។ ប្រទេសចិន គឺជាប្រទេស មហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកប្រកបដោយភាពធន់។ នៅឆ្នាំ២០២១ ប្រជាជនចិនម្នាក់ៗ មានចំណូលប្រចាំឆ្នាំ $១២000ច្រើនជាងប្រជាជនជុំវិញ ពិភពលោកជាមធ្យមក្នុងមនុស្សម្នាក់ៗ ដែលនេះជាតួលេខដែលប្រទេសចិន បានប្រកាសជាផ្លូវការ។»

លោកបន្តថា លទ្ធិប្រជាធិបតេយ្យ បែបផែនចិនអនុញ្ញាត ឱ្យប្រជាជនកសាងភាពរីករាយ និងអភិវឌ្ឍរួមគ្នា ក៏ដូចជាអនុញ្ញាតឱ្យប្រជាជន សម្រេចចិត្តសម្រាប់ការ អភិវឌ្ឍជាតិ ។ លទ្ធិប្រជាធិបតេយ្យនេះ ធានាតាមរយៈប្រព័ន្ធទូលំទូលាយ ក៏ដូចជាអនុវត្ត និងផ្សព្វផ្សាយតាមរយៈការ រៀបចំនយោបាយ បច្ចេកទេស និង វិទ្យាសាស្ត្រជាមុន ។ លើសពីនេះ វឌ្ឍនភាព នៃសេដ្ឋកិច្ច របស់ចិន បានចូលរួមក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក និយាយរួម ភាពរីកចម្រើន នៃសេដ្ឋកិច្ចប្រទេសកម្ពុជា ។ គំរូភាពនៃលទ្ធិប្រជាធិបតេយ្យ តាមបែបផែនចិន ក៏បានផ្តល់នូវប្រយោជន៍ យ៉ាងច្រើនដល់ភាពរឹងមាំ នៃប្រជាធិបតេយ្យមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជា ។ លោកបណ្ឌិត ក៏បានរំលេចផងដែរ ពីខួប៦៤ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន និងបានចូលរួមអបអរសាទរ ខួប១០១ឆ្នាំនៃ ថ្ងៃបង្កើតបក្សកុម្មុយនិស្តចិនផងដែរ។

លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា ក៏បានគូសបញ្ជាក់ពុទ្ធិថ្មី ដែលលោកស្រីទទួលបានពីការ ផ្សព្វផ្សាយសៀវភៅនាថ្ងៃនេះ ហើយលោកស្រី ក៏បានថ្លែង អំណរគុណដល់មិត្តចិន ការចូលរួមកែលម្អនិងធ្វើទំនើបកម្ម ដល់បណ្ណាល័យព្រឹទ្ធសភា និងវាយតម្លៃខ្ពស់ ចំពោះសមាគមអ្នកស្រាវ ជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងការចាក់បញ្ចូលនូវបរិមាណឯកសារស្រាវជ្រាវ ពីប្រទេសចិនដល់បណ្ណាល័យ ព្រឹទ្ធសភាផងដែរ។ លោកស្រី ក៏បានលើកទឹកចិត្ត ដល់សាធារណជនមកបណ្ឌាល័យព្រឹទ្ធសភា ដើម្បីឈ្វេងយល់ពីប្រទេសចិន តាមរយៈឯកសារ និងបទបង្ហាញនានា ដែលលោកបណ្ឌិត ជា មុនីឫទ្ធិ បានចែករំលែក ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន)

To Top