ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺអុតស្វាជនជាតិ នីហ្សេរីយ៉ា ត្រូវដាក់ខ្លួននៅដោយឡែក និងពិនិត្យសុខភាព

ភ្នំពេញ ៖ ក្រសួងសុខាភិបាល អំពាវនាវដល់ អ្នកប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងវិរុសអុតស្វានេះបានទាន់ពេលវេលា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ារូបនេះមានឈ្មោះ អូសម៉ុង ហ៊ឺហាហ្ស៊ីរឹម (OSMOND CHIHAZIRIM) អាយុ ២៧ឆ្នាំ កាន់ប៉ាស្ទ័រលេខ A10414328 ជាអ្នកទេសចរណ៍ និងមានប្រវត្តិនៃការធ្វើដំណើរចូលមកទឹកដីថៃ កោះភូកេត នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២២។

បច្ចុប្បន្ន អ្នកជំងឺអុតស្វាខាងលើនេះ ត្រូវបានមន្ទីរសុខាភិបាលរាជធានីភ្នំពេញចាត់ចែងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ បញ្ចូនកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត និងបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះនៅវេលាម៉ោង ១៩:១០នាទី រួចរាល់ហើយ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា « សូមអំពាវនាវឲ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិនីហ្សេរីយ៉ាទាំងអស់ ដាក់ខ្លួននៅដោយឡែក ហើយស្វែងរកការពិនិត្យសុខភាព ស្វែងរកការពិនិត្យសុខភាព ឬជូនព័ត៌មានមកក្រុមគ្រូពេទ្យដែលនៅជិតលោកអ្នក ឬជូនព័ត៌មានទៅលេខ ១១៥ ដើម្បីទទួលបានការជួយជ្រោមជ្រែង ពិនិត្យសុខភាព ស្វែងរកការចម្លងបន្ដ និងដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងវិរុសអតុស្វានេះបានទាន់ពេលវេលា»។

សូមរំលឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ារូបនោះ នៅត្រង់ចំណុចផ្ទះសំណាក់ពណ៌មាស ផ្លូវ៤៣០កែងផ្លូវ ៤៨០ ក្បែររង្វង់មូលផ្សារដើមថ្កូវ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែកក្កដានេះ៕

To Top