ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ឲ្យស្ថាបនាច្រាំងទន្លេ នៅសង្កាត់ព្រែកតាសេកឡើងវិញ ក្រោយបាក់

ភ្នំពេញ ៖ ការបាក់ច្រាំងទន្លេ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ហើយត្រូវបានប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរ ជួយពន្លឿនស្ថាបនាឡើងវិញឲ្យឆាប់នោះ ពេលនេះត្រូវបាន អភិបាលរាជធានីភ្នំពេញ លោក ឃយង ស្រេង យល់ព្រមដោយនឹងជម្រុញបន្ថែម ដើម្បីឆ្លើយតបទៅតាមការស្នើសុំ របស់ពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះ។

ខណៈដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វា ចុះពិនិត្យមើលស្ថានភាព នៃការបាក់ច្រាំងទន្លេ នៅសង្កាត់ព្រែកតាសេក នាព្រឹកថ្ងៃទី២៦ កក្កដា លោក ឃួង ស្រេង បានលើកឡើងថា ការបាក់ច្រាំងទន្លេ នៅសង្កាត់ព្រែកតាសេកនេះ មន្ត្រីជំនាញត្រូវសិក្សាឲ្យបានម៉ត់ចត់ ហើយក្រុមការងារត្រូវអនុវត្តការងារ នៅថ្ងៃ២៧ កក្កដាស្អែកនេះទៅ ដើម្បីដោះស្រាយកង្វល់ និងការធ្វើដំណើរ ទៅមករបស់ពលរដ្ឋ ។

តាមការលើកឡើងរបស់លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានបញ្ជាក់ថា ច្រាំងទន្លេដែលបាក់ចូលទៅក្នុងទន្លេ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកនេះ បានបាក់ចំនួន៣ដង ជាបន្តបន្ទាប់ ប្រមាណជិត៥ខែមកហើយ ហើយក៏ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ សហការគ្នាទប់បណ្តោះអាសន្ន ដើម្បីកុំឲ្យបាក់ផ្ទះពលរដ្ឋចូលទន្លេទៀត។

ចំពោះមូលហេតុការបាក់ច្រាំងទន្លេនេះ លោកអឿ ស៊ីផុន ក៏បានបញ្ជាក់ផងដែរថា គឺបណ្តាលមកពីដីជ្រាបទឹក ចេញពីព្រែកតាគង់ ធ្វើឲ្យដីផ្នែកខាងក្រោមជ្រាយ ឈានទៅដល់ការបាក់តែម្តង។

បើយោងតាមអ្នកបច្ចេកទេស ចំពោះការងារដែលត្រូវអនុវត្ត ដោយសារតែទឹកទន្លេសាបនៅទាប គឺអាចដំណើរការ លើការងារនេះបាន ដោយទី១- ត្រូវប្រើថ្មតូច-ធំ ចាក់ទប់នៅបាតច្រាំងទន្លេ ។ ទី២- កាយយកដីស្អុយចេញ , ទី៣- ចាក់ខ្សាច់ក្រាលពីក្រោម និងទី៤- ចាក់ដីពីលើបំពេញផ្លូវដែលបាក់នេះតែម្តង ហើយផ្លូវដែលបាក់នេះ មានប្រវែង៩០ម៉ែត្រ ត្រូវចាក់បំពេញ។

ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានចូលមកជួបលោកឃួង ស្រេង និងបានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ពួកគាត់ ពិសេសគឺបានជួយទប់ច្រាំងទន្លេ ដែលបាក់នេះឡើងវិញ៕

To Top