ព័ត៌មានជាតិ

កម្ពុជា មានភាពអំណោយផល និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការវិនិយោគ របស់សិង្ហបុរី

ភ្នំពេញ ៖ លោក សុខ ចិន្ដាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានថ្លែងថា បរិស្ថានវិនិយោគនៅកម្ពុជា មានភាពអំណោយផល ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រង់ចាំទទួលការវិនិយោគ របស់សិង្ហបុរី ដើម្បីច្បាមយកកាលានុវត្តភាពដ៏លើសលុប ក្នុងវិស័យកសិចំណីអាហារ សេវាកម្ម និងកម្មន្តសាល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក.អ.ក ។

ក្នុងសិក្ខាសាលា «ស្វែងយល់ពីកម្ពុជា ៖ ការយល់ដឹងពីការណនុវត្តភាពធុរកិច្ចនៅកម្ពុជា» តាមរយៈប្រព័ន្ធវិដេអូ នាថ្ងៃទី២៦ កក្កដា លោក សុខ ចិន្ដាសោភា បានថ្លែងអំណរគុណដល់វិនិយោគិន និងធុរជនសិង្ហបុរី ដែលបានជ្រើសយកកម្ពុជា ក្នុងការបណ្តាក់ទុននាពេលកន្លងមក។

លោកថ្លែងបញ្ជាក់ថា «បរិស្ថានវិនិយោគនៅកម្ពុជា មានភាពអំណោយផលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រង់ចាំទទួលការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៏លើសលុប ក្នុងវិស័យកសិចំណីអាហារ, សេវាកម្ម និងកម្មន្តសាល។ អំពាវនាវឲ្យមានការវិនិយោគកាន់តែច្រើនថែមទៀត ពីវិនិយោគិនសក្តានុពលសិង្ហបុរី ដែលនឹងរួមចំណែកដល់ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័ស»។

លោកក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ដែលបានអនុម័តកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅដែលផ្តល់ការលើកទឹកចិត្ត ដល់វិនិយោគិនដែលអនុវត្តអភិក្រមប្រតិបត្តិធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្នក្នុងការវិនិយោគ និងធុរកិច្ចប្រចាំថ្ងៃរបស់ខ្លួន។

នាឱកាសនោះ លោកស្រី តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា បានឲ្យដឹងថា សិង្ហបុរី ស្ថិតក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥ របស់កម្ពុជា ដោយការវិនិយោគគ្របដណ្តប់លើវិស័យនានា រួមមាន៖ អចលនទ្រព្យ, ថាមពល, ពាណិជ្ជកម្មនិងចែកចាយ, ម្ហូបអាហារ/អ្នកប្រើប្រាស់, ការអប់រំ និងហិរញ្ញវត្ថុ។ ប្រទេសទាំងពីរ មានការតភ្ជាប់ជើងហោះហើរចំនួន ៣៥ជើង ក្នុងមួយសប្តាហ៍។

ឯកអគ្គរដ្ឋទូតរូបនេះ បានបញ្ជាក់ទៀត កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស មានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី កម្ពុជាបានងើបចេញពីជំងឺកូវីដ១៩ បន្ទាប់ពីបានសម្រេចដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយត្រូវបានរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចដែលមានកម្រិតខ្ពស់ដូចមុន។

គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២ គម្រោងវិនិយោគរបស់សិង្ហបុរី ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងកំពុងមានប្រតិបត្តិការចំនួន១២៧គម្រោង ក្នុងវិស័យទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ក្នុងទឹកប្រាក់សរុបប្រមាណ១,៥៣ ប៊ីលានដុល្លារ៕

To Top