ភ្នំពេញ៖ ខណៈកម្ពុជា-វៀតណាម បានរួមគ្នាបោះបង្គោលព្រំដែន ប្រមាណជា ៨៤ភាគរយ រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឯកភាពគ្នាបន្តបោះបង្គោលព្រំដែន នៅសេសសល់១៦ភាគរយទៀត ឲ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរ ឲ្យមានសុខសន្តិភាព និងមានព្រំដែនស្ថេរភាព។
នាឱកាសអនុញ្ញាតឲ្យលោក ដុ វ៉ាន់ចៀន ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោបានបង្ហាញការរីកចម្រើន នៃទំនាក់ទំនងល្អប្រសើរ របស់ប្រទេសទាំងពីរ ហើយប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់មានអរិយភាព ឲ្យក្លាយទៅជាតំបន់ មានសន្តិភាពសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍ មានកិច្ចសហប្រតិបត្តិការ ហើយប្រជាជនប្រទេសទាំងពីរ បានប្រកបរបររកស៊ីជាមួយគ្នា ធ្វើឲ្យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានកើនឡើងជាលំដាប់។
សម្ដេចបញ្ជាក់ថា «ចំពោះស្ថិរភាព និងទំនាក់ទំនងប្រទេសទាំងពីរ ពិសេសក្នុងការដែលសម្រេចបាន នូវការបោះបង្គោលព្រំដែនចំនួន ៨៤ភាគរយ ហើយក្នុងជំនួបនេះ បានឯកភាពគ្នា នឹងជំរុញដើម្បីបន្តការបោះបង្គោលព្រំដែន ដែលនៅសល់ ១៦ភាគរយទៀតឲ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរ ឲ្យមានសុខសន្តិភាព មានព្រំដែនស្ថេរភាព បង្កលក្ខណៈងាយស្រួលដល់ប្រជាជន ប្រទេសទាំងពីរទៅមករកគ្នា បំពេញឲ្យគ្នាពិសេស ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩នេះ ។ យើងប្រែក្លាយការលំបាកទាំងអស់នេះ ឲ្យទៅជាសក្ដានុពល ប្រើឲ្យអស់លទ្ធភាពដែលយើងមាន ដើម្បីពង្រីកនូវទំហំពាណិជ្ជកម្ម ឲ្យបានល្អប្រសើរថែមទៀត»។
នាឱកាសនោះ សម្ដេចតេជោ ក៏ដូចជាភាគីវៀតណាម បានរំលឹកពីដំណើរការឆ្លងកាត់ដងវែងឆ្ងាយ ដែលបក្សរណសិរ្សទាំងពីរ បានឆ្លងកាត់ជាមួយគ្នា បានជួយគ្នាទៅវិញទៅមក ពិសេសសម្ដេច រំលឹកពីដំណើរតស៊ូរបស់សម្ដេច និងការជួយឧបត្ថម្ភរបស់មិត្តវៀតណាម ក្នុងការជួយរំដោះកម្ពុជា ហើយទប់ស្កាត់ការវិលត្រឡប់ របស់របបខ្មែរក្រហម និងការជួយជាបន្តបន្ទាប់។
ឆ្លៀតឱកាសនោះដែរ លោក ដុ វ៉ាន់ចៀន ក៏បានវាយតម្លៃខ្ពស់ ចំពោះវិធានការសម្ដេចតេជោ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ និងមានអត្រាចាក់វ៉ាក់សាំង នាំមុខនៅក្នុងតំបន់ និងពិភពលោក ហើយទទួលបានលទ្ធផលការប្រសើរ បានបើកប្រទេសឡើងវិញ និងបានស្ដារសេដ្ឋកិច្ចឡើងវិញ៕