រដ្ឋមន្រ្តីបរិស្ថាន បន្តអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀត ដើម្បីសម្អាតផ្ទះយើង ធ្វើឱ្យកម្ពុជាមានភាពស្អាត និងបៃតង
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន ដើម្បីសម្អាតផ្ទះរបស់យើង ឱ្យមាន «ភាពស្អាត និងភាពបៃតង» ឆ្ពោះទៅសម្រេចបាននូវគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

នេះជាការជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែល លោករដ្ឋមន្រ្តី បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតី កម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន ឆ្នាំ២០២៦ បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ ចំនួន៣ រួមមានភាពស្អាត ភាពបៃតង និងចីរភាព។ យោងប្រសាសន៍របស់ លោក រដ្ឋមន្រ្តី ការអប់រំ ផ្សព្វផ្សាយបង្កើនការយល់ដឹង បានរៀបចំឡើងដំបូងគេ ដើម្បីបណ្ដុះគំនិត «ស្អាត និងបៃតង» ដល់សិស្សានុសិស្សនៅតាមសាលារៀន និងយុវជន ឱ្យយល់ដឹងពីតម្លៃនៃភាពស្អាត ការកាត់បន្ថួការប្រើប្រាស់ប្លាស្ទិក និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ។

ជាមួយគ្នានេះ ការពង្រីកភាពស្អាត បានឈានទៅការអនុវត្តសកម្មភាព ប្រែក្លាយពីយុទ្ធនាការទៅជាចលនា កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការពារប្រភពទឹក ទប់ស្កាត់ការបំពុលបរិស្ថាន និងលើកកម្ពស់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លើសពីនេះ ការបង្កើនគម្របបៃតង ក៏ត្រូវបានអនុវត្តតាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដែលបាននិងកំពុងជំរុញការដាំឈើនៅតាមទីសាធារណៈនានា តាមមូលដ្ឋាន និងដាំស្តារព្រៃឈើឡើងវិញ និងចែកចាយកូនឈើ ដោយឥតគិតថ្លៃដល់សាធារណជន ដើម្បីបង្កើនផ្ទៃដីបៃតងនៅទូទាំងប្រទេស និងរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ៕
