នយោបាយ

សម្ដេច ស ខេង ជំរុញមេឃុំ-សង្កាត់ ជាប់ឆ្នោតអាណត្តិថ្មី ខិតខំដោះស្រាយក្ដីកង្វល់ពលរដ្ឋ ឲ្យឆាប់រហ័ស

ភ្នំពេញ៖ សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំសមាជិក សមាជិការ គណបក្ស ជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មី ត្រូវខិតខំដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាតវិសាមញ្ញរបស់ គណៈកម្មាធិការកណ្ដាល ប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង នាថ្ងៃទី៣១ កក្កដា សម្ដេច ស ខេង បានគូសបញ្ជាក់ជាថ្មីទៀតអំពីក្ដីប្រាថ្នាឲ្យទទួលបានជ័យជម្នះចំនួន២៖ ទី១- ជ័យឈ្នះក្នុងឋានៈជាគណបក្សកាន់អំណាចដែល ត្រូវរៀបចំការបោះឆ្នោតនេះឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ និងទី២-ការទទួលបានជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការប្រកួតប្រជែងការបោះឆ្នោតនេះ។ សម្ដេចក៏បានបង្ហាញមោទកភាពសម្រាប់ការទទួលបានជ័យជម្នះទាំងពីរនេះ។

សម្ដេចបញ្ជាក់ថា «ជំរុញឲ្យសមាជិក សមាជិការគណបក្សដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវរួមគ្នាពង្រឹងការបំពេញតួនាទី ភារកិច្ចឲ្យបម្រើប្រជាពលរដ្ឋបានល្អ ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំផែនការ អនុវត្តរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ ដើម្បីដាក់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិភាក្សាគ្នានិងសម្រេច។ ជំរុញឲ្យខិតខំយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពផងដែរ»៕

To Top