ព័ត៌មានជាតិ

សម្ដេចតេជោ៖ ដើម្បីមានស្បៀងគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមប្រជាជន ត្រូវធ្វើវេទិកាតាមភ្លឺស្រែ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ដើម្បីមានស្បៀងគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមប្រជាជនកម្ពុជា ត្រូវធ្វើវេទិកាតាមភ្លឺស្រែជាមួយប្រជាជន ហើយត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង១០ឡើយ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោបានរំលឹក ពីអតីតកាលកន្លងមកដែលសម្តេច បានជួបប្រជាកសិករដល់វាលស្រែតែម្តង ។ ក្នុងនោះ បានថ្លែងបញ្ជាក់ថា «ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើង ត្រូវធ្វើវេទិកាតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះ ការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជ ការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិត ការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រី និងសត្វជាដើម»។

សម្ដេចតេជោបន្ដថា ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រី បានធ្វើឲ្យវេទិកាមានភាពជោគជ័យ ដែលបានដោះស្រាយសំណូមពររបស់ប្រជាជន មិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែបានដោះស្រាយ សាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹក វត្តអារាម ជាដើម បានយ៉ាងច្រើនទៀតផង។

សម្ដេចតេជោបន្ថែមថា ពីប្រទេសដែលខ្វះស្រូវប្រមាណ ១លានតោន នាទសវត្សរ៍១៩៩០ និងដើមឆ្នាំ២០០០ ពេលនេះកម្ពុជា សល់ស្រូវជាង ៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀត។ សម្ដេចថា មានការរីកចំរើនយ៉ាងខ្លាំងដែលធ្វើឲ្យដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញផងដែរ។

សម្ដេចតេជោ បញ្ជាក់ទៀតថា «វេទិកាតាមវាលស្រែធ្វើមិនតិចជាង១០ដងនោះទេ ដែលមាននៅខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ។ កូនស្រីច្បងរបស់ខ្ញុំ មានទម្លាប់ដើរតាមឪពុកតាំងពីតូច គេធ្លាប់ទៅតាមខ្ញុំ បានប៉ុន្មានកន្លែងដែរ ក្នុងវេទិកាតាមភ្លឺស្រែនេះ។ ស្តាប់ប្រជាជននិយាយទទួលដោះស្រាយ សំណូមពរសមហេតុ សមផលរបស់ប្រជាជនទើបយើងរៀបចំគោលនយោបាយបានត្រឹមត្រូវ។ ត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង១០ នោះឡើយ និងត្រូវរត់ទៅរកការងារធ្វើកុំរង់ចាំការងាររត់មករកយើង»៕

To Top