ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី បង្ហាញមោទកភាព ពីភាពជោគជ័យ ជាបន្តបន្ទាប់ របស់ក្រុមកីឡាករ កីឡាការិនីប៉ារ៉ាឡាំពិកកម្ពុជា នៅឥណ្ឌូនេស៊ី

ភ្នំពេញ ៖ ក្នុងដំណើរ នៃការចូលរួមព្រឹត្តិការណ៍ ប៉ារ៉ាហ្គេមលើកទី១១ នៅឥណ្ឌូនេស៊ី លោក ហ៊ុន ម៉ានី បានបង្ហោះសារលើកទឹកចិត្ត និងបង្ហាញពី មោទកភាព ជាបន្តបន្ទាប់ លើទំព័រផ្លូវការ របស់ខ្លួន ស្របពេល លោកកំពុងមានវត្តមាន ផ្ទាល់ជាប់ ជាមួយអត្តពលិក ប៉ារ៉ាឡាំពិកកម្ពុជា ក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេម លើកទី១១ ដើម្បីអបអរសាទរដល់អ្នកឈ្នះ បន្តគាំទ្រដល់អ្នកត្រៀមប្រកួត និងលើកទឹកចិត្តដល់អ្នក មិនបានជ័យលាភី ។

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ លោក ហ៊ុន ម៉ានី បានសរសេររៀបរាប់លើបណ្តាញសង្គមថា៖ «ញើស និងឈាមក្នុងបុព្វហេតុជាតិ និងមាតុភូមិ! សម្រាប់ពួកគាត់ ពិការភាពមិនមែនជាឧបសគ្គ ! ឧបសគ្គពិតនោះ គឺការឈរឱបដៃមើល រិះគន់ និងការបណ្តោយតាមព្រហ្មលិខិត»។

ការលើកឡើងខាងលើនេះ ស្របពេលដែលប្រតិភូកីឡារករ កីឡាការិនីកម្ពុជា បាននិងកំពុងតែចូលរួមប្រកួតមិនរួញរា ប្រឹងប្រែងអស់លទ្ធភាព បើទោះពួកគាត់ស្ថិតក្នុងពិការភាព ដើម្បីនាំកិត្តិយសជូនជាតិ មាតុភូមិ ។
អំឡុងពេល នៃការប្រកួត លោក ហ៊ុន ម៉ានី ក៏បានបង្ហាញមោទកភាពចំពោះ ក្រុមកីឡាករ កីឡាការិនីជាជនមានពិការភាព ដោយលោកបានលើកឡើងថា «ពួកគាត់មានពិការភាពតែអវយវៈ ប៉ុន្តែទឹកចិត្តរបស់ពួកគាត់មិនពិការឡើយ ។ ពួកគាត់នៅពេលនេះជាតំណាងឲ្យកម្ពុជាយើង! ពួកគាត់នៅពេលនេះ ជាមុខមាត់ជាតិយើង» ។

សូមរម្លឹកថា សម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាហ្គេមលើកទី១១នេះ កម្ពុជា បានបញ្ជូនប្រតិភូ និងអត្តពលិកសរុប ១៦៦នាក់ លើកីឡា ១១ប្រភេទចូលរួមប្រកួត ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ានី ។ ទន្ទឹមនេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ បន្ទាប់ពីឥណ្ឌូនេស៊ី ៕

To Top