ភ្នំពេញ ៖ កងទ័ពឡាវ វៀតណាម និងកម្ពុជា គ្រោងនឹង បើកសមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាព សង្គ្រោះគ្រោះ មហន្តរាយសំរាប់ប្រទេសទាំង៣ ដែលមានភាគីកងទ័ពឡាវធ្វើជាម្ចាស់ផ្ទះ នៅដើមខែកញ្ញា ឆ្នាំ២០២២រយៈពេល៣ថ្ងៃ (១-៣កញ្ញា) នៅលើទឹកដីឡាវ ។
ការធ្វើសមយុទ្ធរួមគ្នា រវាងប្រទេសទាំង៣ ជាប់ភូមិផង របងជាមួយគ្នានេះ ដើម្បីត្រៀមលក្ខណៈទាំងកម្លាំង និងមធ្យោបាយសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ សំរាប់ការឆ្លើយតបបន្ទាន់ណា មួយគ្រប់ឧប្បវហេតុ នៃគ្រោះមហន្តរាយទាំងឡាយ កើតមានឡើងយថាហេតុជាមុន និងដោះស្រាយរាល់បញ្ហា ប្រឈមទាំងឡាយកើតមានឡើង ក្នុងតំបន់ និងប្រទេសនីមួយៗ បានទាន់ពេលវេលា ។
នេះបើតាមការផ្សាយរបស់នាយកដ្ឋានព័ត៌មាន នៃក្រសួងការពារជាតិ ស្រង់ប្រសាសន៍នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ សម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញរបស់ក្រសួង នៅក្នុងកិច្ចប្រជុំក្រុមការងារ សម្របសម្រួលការត្រៀមរៀប ចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញនៅថ្ងៃ៣ សីហា ។
ជាមួយគ្នានេះដែរ កងទ័ពកម្ពុជា ក៏បានគ្រោងរៀបចំសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ នឹងចាត់បញ្ជូនកម្លាំងកងទ័ព ជំនាញរបស់ខ្លួន ធ្លាប់មានបទពិសោធន៍ ក្នុងការធ្វើសកម្មភាពសង្គ្រោះគ្រោះមហន្តរាយគ្រប់ឧប្បវហេតុ ដូចជា កម្លាំងជំនាញមានបទពិសោធន៍ ក្នុងការជួយសង្រ្គោះ ឧបទ្ទវហេតុធ្លាក់យន្តហោះ, កងកម្លាំងមានបទ ពិសោធន៍ ក្នុងសកម្មភាពជួយសង្គ្រោះការ រលំបាក់អាគារខ្ពស់ៗ , កងកម្លាំងជំនាញ មានបទពិសោធន៍ ក្នុងការជួយសង្គ្រោះ គ្រោះមហន្តរាយទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ចំនួន៤០រូប រួមទាំងសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់មួយចំនួនធំ តបតាមការអញ្ជើញ របស់ភាគីកងទ័ពប្រជាជនឡាវ ដើម្បីចូលរួមក្នុង សកម្មភាពសមយុទ្ធនេះ ៕