ព័ត៌មានជាតិ

រួមគ្នាបង្ក្រាបលាងលុយកង្វក់! ជម្រះបុរសជនជាតិ នីហ្សេរីយ៉ាម្នាក់ ជាប់ ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ និង ការលាងសំអាតប្រាក់ ១,២ លានដុល្លារអាមេរិក

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២២ ធ្វើការជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍ របស់ បុរសជាប់ចោទ ជននជាតិនីហ្សេរីយ៉ា ម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោកប្រាក់ និង ការសំអាតប្រាក់ ចំនួន ១,២ លានដុល្លារអាមេរិក ប្រព្រឹត្ដ នៅក្នុងរាជធានីភ្នំពេញ កាលពី ឆ្នាំ ២០១៧ រហូតដល់ ខែ ឧសភា ឆ្នាំ ២០២១។

លោកប្លង់ សំណាង ជាប្រធានចៅក្រមជំនុំជម្រះ បានថ្លែងឱ្យដឹងថា: ជនជាប់ចោទរូបនេះ មានឈ្មោះ Lucky NJOKU ភេទ ប្រុស អាយុ ៣១ ឆ្នាំ ។

លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ឈ្មោះLucky NJOKU ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២២ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៤ លានរៀល សម្រាប់ដាក់ចូលជាថវិកាជាតិ ។

ជនជាប់ចោទឈ្មោះ Lucky NJOKU ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: «ឆបោក» តាមបញ្ញត្តិមាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ និង ពីបទ: «លាងសម្អាតប្រាក់» តាមមាត្រា ៣៨ នៃ ច្បាប់ស្ដីពីប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ។

ជនជាប់ចោទឈ្មោះ Lucky NJOKU ត្រូវបានចាប់ឃាត់ និង ឃុំខ្លួន កាលពីថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២២ តាមបណ្តឹងរបស់ជនរងគ្រោះ បន្ទាប់ពី បានឆបោកប្រាក់ ចំនួន ១,២ លានដុល្លារ តាមរយៈការហែកគណនីធនាគារ។

នាពេលសវនាការ, ជនជាប់ចោទឈ្មោះ Lucky NJOKU បានឆ្លើយសារភាព និង ទទួលស្គាល់កំហុស និង បានស្នើសុំឱ្យ តុលាការឧទ្ធរណ៍ សម្រេច បន្ធូរបន្ថយ ទោសរបស់គាត់ ចំនួន ១ ឆ្នាំ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅទី ២៣ ខែ សីហា ខាងមុខនេះ៕

ដោយៈ លីហ្សា

To Top