នយោបាយ

សម្ដេចតេជោ ៖ កម្ពុជា-រុស្ស៊ី នៅតែមានទំនាក់ទំនង ជាប្រវត្តិសាស្រ្ត ក្នុងមិត្តភាព ជិតស្និទ្ធ លើវិស័យនានា (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកទំនាក់ទំនង រវាងកម្ពុជានិងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត មិនអាចកាត់ផ្តាច់បាន ទាំងការពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ លើវិស័យនានាជាមួយគ្នា ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោបានឯកភាព ជាមួយ លោក Lavrov ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេស ជំរុញកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការ អន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ។

សម្ដេចតេជោបញ្ជាក់ថា «ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលកម្ពុជា តែងតែផ្ដល់សារៈសំខាន់ខ្លាំង ក្នុងការពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធលើវិស័យនានាជាមួយរុស្ស៊ី»។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានលលើកពីរដ្ឋាភិបាល និងប្រជាជនអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៊ីដែលបានគាំទ្រ និងជំនួយជាច្រើនដ៏មានតម្លៃ ផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាដ៏លំបាកនាពេលកន្លងមក។

សម្ដេចតេជោ បានបន្ថែមទៀតថា «យើងមិនអាចបំភ្លេចបានឡើយ នូវកាយវិការប្រកបដោយមិត្តភាព និងសមាណចិត្តក្នុងពេលដែលយើងត្រូវការចាំបាច់ ឧទាហរណ៍ដូចជា៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានបណ្ដុះបណ្ដាល និស្សិតជាច្រើននាក់» ។

នាឱកាសនោះដែរ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក៏បានលើកឡើងពីស្ថានភាព និងជំហររបស់រុស្ស៊ី ជុំវិញ ករណីជម្លោះអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់ លើការពង្រឹងពង្រីក ដែលមានស្រាប់ និងជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមលើវិស័យ ទេសចរណ៍ វិនិយោគ និងវិស័យដទៃទៀត តាមរយៈការជម្រុញ ការរៀបចំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស៕

To Top