ព័ត៌មានជាតិ

កម្ពុជា ៖ របាយការណ៍ ការិយាល័យ ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស មានចំណុចខុសឆ្គង

ភ្នំពេញ ៖ របាយការណ៍ របស់ការិយាល័យ ឧត្តមស្នងការ អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្ស ស្តីពី «ស្ថានភាព នៃសេរីភាពសារព័ត៌មាន នៅប្រទេសកម្ពុជា» បង្ហាញថា អ្នកសារព័ត៌មានជាស្រ្តីនៅកម្ពុជា ទទួលរងការបៀតបៀន ការគាបសង្កត់ និងអំពើហិង្សា ក្នុងទម្រង់ផ្សេងៗ ប៉ុន្តែស្ថាន បេសកកម្មអចិន្រ្តៃយ៍នៃកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានការសោកស្តាយយ៉ាងខ្លាំង ព្រោះរបាយការណ៍នេះ ពោរពេញទៅ ដោយខ្លឹមសារលម្អៀង ជ្រើសតែមួយជ្រុង បុរេនិច្ឆ័យ និងមិនផ្អែកលើមូលដ្ឋាន ត្រឹមត្រូវ ព្រមទាំងការសន្និដ្ឋាន មានចរិតនយោបាយ ។ នេះយោងតាមសេចក្តីថ្លែងការណ៍ព័ត៌មាន របស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នាថ្ងៃទី៤ សីហា ។

យោងតាមសេចក្តីថ្លែងការណ៍ ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានឲ្យដឹងទៀតថា ការពិតវិស័យសារព័ត៌មាននៅកម្ពុជា មានភាពរស់រវើក តាមរយៈវត្តមាន នៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថល ជាង២.០០០ អង្គភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយ រិះគន់រាជរដ្ឋាភិបាល យ៉ាងសកម្ម។

ប្រភពបន្តថា ច្បាប់ស្តីពីរបបសារព័ត៌មាន របស់កម្ពុជា ធានាការសម្ងាត់នៃប្រភពព័ត៌មាន រក្សាឯករាជ្យភាព និងហាមឃាត់មិន ឲ្យមានការត្រួតពិនិត្យមុន ពេលបោះពុម្ពផ្សាយ ។ កម្ពុជាគាំពារអ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលមិនបំពានសិទ្ធិអ្នកដទៃ និងមិនបំភ្លៃការពិត ។ ការអនុវត្តច្បាប់ លើអ្នកសារព័ត៌មាននិងអង្គភាព ដែលបំពានច្បាប់ មិនអាចបកស្រាយថា ជាការរឹតត្បិតសេរីភាព សារព័ត៌មានឡើយ៕

To Top