ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ បុរសជនជាតិនីហ្សេរីយ៉ា ត្រូវបានប្រគល់ឲ្យអាជ្ញាធរ ក្រោយជាសះស្បើយពីជំងឺអុតស្វា

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា បរុសជនជាតិនីហ្សេរីយ៉ាកើត ជំងឺអុតស្វាសម្រាកព្យាបាល នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជា។

លោកស្រីបន្ដថា ទោះបីយ៉ាងណាក៏ដោយ បុរសជននីហ្សេរីយ៉ាម្នាក់នោះ ត្រូវបានប្រគល់ជូនអាជ្ញាធរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។

តាមរយ:សារតេឡេក្រាម នាថ្ងៃទី៦ សីហានេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា “ជនជាតិនីហ្សេរីយ៉ាដែល សម្រាកព្យាបាលជំងឺអុតស្វា នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក ត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យរួចហើយនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយមានលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២”។

លោកស្រីបន្ថែមថា​”បច្ចុប្បន្ន បុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរ មានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច” ។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីរដ្ឋលេខាធិការ ក៏បានណែនាំដល់ប្រជាពលរដ្ឋ សូមចូលរួមបន្តអនុវត្តវិធានការ ការពារខ្លួនពីការចម្លងជំងឺអុតស្វា តាមការណែនាំក្រើនរំលឹកបន្ថែមទៀត របស់ក្រសូងសុខាភិបាល ។

លោកស្រី ក៏បានណែនាំបន្ថែមថា សូមកុំភ្លេចបន្តអនុវត្តវិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” ជាពិសេសដូសជំរុញ (ទី៣, ទី៤, និងទី៥) ពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក និងអ្នកជាទីស្រឡាញ់របស់លោកអ្នក។

សូមរំលឹកថា បុរសជនជាតិនីហ្សេរីយ៉ាម្នាក់នេះ បានកើតជំងឺអុតស្វា និងរត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ហើយត្រូវបានអាជ្ញាធរកម្ពុជា ឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២២នៅរាជធានីភ្នំពេញ ៕

To Top