ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន ក.ប.ប. សហការ ជាមួយអង្គភាព ប្រឆាំងអំពើពុករលួយ បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំង អំពើពុករលួយ និងនីតិវិធីស៊ើបអង្កេត

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ នាថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខា សាលាផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ការស៊ើបអង្កេត នីតិវិធី និងបទពិសោធន៍ល្អៗ ដល់នគរបាលយុត្តិធម៌ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ដោយមានការចូលរួម ពីលោក អ៊ឹម ឧត្តម លោក ស្រ៊ិន សុវណ្ណ ឧបការី នៃ អ.ប.ព. និងសិក្ខាកាម ជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងប្រធាន អនុប្រធាន សាខា ក.ប.ប. រាជធានី ខេត្ត សរុបចំនួន១២៥រូប ។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មានមតិស្វាគមន៍ និងថ្លែងអំណរគុណវត្តមានដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ដែលអញ្ជើញជាអធិបតី ចូលរួមក្នុងសិក្ខា សាលាផ្សព្វផ្សាយ នាឱកាសនេះ និងបានចាត់បញ្ជូន ឯកឧត្តមឧបការី ជាវាគ្មិនសម្រាប់ធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ល្អ ក្នុងការស៊ើបអង្កេត និងការអនុវត្តច្បាប់របស់អង្គភាព ប្រឆាំងអំពើពុករលួយ។

លោកប្រតិភូ បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់តួនាទីនិងភារកិច្ច ឱ្យស្រាវជ្រាវ រៀបចំ កសាង គោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ការពារអ្នកប្រើប្រាស់និងកិច្ចការប្រកួតប្រជែង ត្រួតពិនិត្យ ទំនិញនិងសេវា ទាំងក្នុងក្របខ័ណ្ឌទទួលខុសត្រូវផ្ទាល់ និងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់និងបង្រ្កាបការក្លែងបន្លំពាណិជ្ជកម្ម ចាត់វិធាន ការណ៍ ចំពោះការព្រមព្រៀង ដែលរិតត្បិត រារាំង ឬបង្ខូចដល់ការប្រកួតប្រជែង ធានាគុណភាព សុវត្ថិភាព និងអនុលោមភាព នៃផលិតផលទំនិញនិងសេវា ទីផ្សារប្រកួតប្រជែង និងការពារសិទ្ធិនិងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ។ សិក្ខាសាលារយៈពេល២ថ្ងៃនេះ លោកប្រតិភូសង្ឃឹមយ៉ាងមុតថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជានគរបាលយុត្តិធម៌ នឹងទទួលបាននូវពុទ្ធិ និងបទពិសោធន៍ល្អ ពីវាគ្មិននៃអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឱ្យការអនុវត្តច្បាប់ប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី បានបញ្ជាក់ជូនថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជារបៀបវារៈអាទិភាពមួយ របស់រាជរដ្ឋាភិបាល ហើយដើម្បីប្រយុទ្ធប្រឆាំង អំពើពុករលួយ ប្រកបដោយប្រសិទ្ធភាព អង្គភាពប្រឆាំងអំពើពុករលួយ អនុវត្តវិធានការប្រទាក់ក្រឡាគ្នា ចំនួន៣គឺ ១.ការអបរំ ២.ការបង្ការ-ទប់ស្កាត់ និង៣.ការអនុវត្តច្បាប់ បង្ក្រាបបទល្មើស។ ជាមួយគ្នានេះ ការងារប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់និង ហិរញ្ញប្បទានភេវកម្ម ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ។ រាជរដ្ឋាភិបាល បានចាត់ទុកការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម គឺជាការងារសំខាន់ ចាំបាច់ និងបន្ទាន់ ដែលតម្រូវឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់សហការអនុវត្តភារកិច្ច តាមសមត្ថកិច្ចរបស់ខ្លួន។

ក្នុងឱកាសបិទសិក្ខាសាលា ក្រោមអធិបតីភាព លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំង អំពើពុករលួយ លោកបានសម្តែងសេចក្តីសោមនស្សរីករាយ ជាមួយសិក្ខាកាមទាំងអស់ ដែលជាមន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលបានចូលរួមសិក្ខាសាលាដោយជោគជ័យ និងទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កា ។ ក្នុងនោះដែរ លោក បានមានមតិផ្តាំផ្ញើដល់សិក្ខាកាម ដែលទទួលបាន នូវចំណេះដឹង និងជំនាញពីសិក្ខាសាលានេះ សូមយកទៅអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន តាមការកំណត់របស់ច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

To Top