ព័ត៌មានជាតិ

អាជ្ញាធរ និងសមត្ថកិច្ច គ្រប់គ្រងសភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់ បានល្អប្រសើរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

ភ្នំពេញ ៖ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានការកោតសរសើរ ចំពោះអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច របស់រាជធានីភ្នំពេញដែលបានគ្រប់គ្រងសភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ការកោតសរសើរ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញបែបនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតីភាព លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ជាតំណាងលោក ឃួង ស្រេង អភិបាល អភិបាលរាជធានីភ្នំពេញ ។

លោកម៉ប់ សារិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំ និងគ្រប់គ្រងសភាពការណ៍ សន្តិសុខសណ្តាប់ធ្នាប់ បានល្អប្រសើរ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ក្នុងនោះ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ខ្ពស់ រក្សាបានសុវត្ថិភាពល្អ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នេះ ។ ទន្ទឹមនេះ ការរៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាព ក៏មានលក្ខណៈល្អប្រសើរ ដោយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានយកចិត្ត ទុកដាក់ ខិតខំបំពេញភារកិច្ច ដោយមានការចូលរួម ពីប្រជាពលរដ្ឋបានល្អ ។

លោកបន្តថា ក្នុងនាមប្រជាពលរដ្ឋកម្ពុជា ពិតជាមានមោទកភាព ដែលកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ប្តូរវេន បានរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីការ បរទេស អាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធប្រកប ដោយជោគជ័យ ធានាបានសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ធ្វើឲ្យកិច្ចប្រជុំដំណើរ ការដោយអនុលោម ទៅតាមស្មារតីអាស៊ាន «ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ» ក្នុងនោះសង្កេតឃើញ រដ្ឋមន្ត្រីការបរទេស នៃប្រទេសធំៗដូចជា សហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី សាធារណរដ្ឋប្រជាមានិតចិនជាដើម បានអញ្ជើញ ចូលរួមពិភាក្សា និងជួបសម្ដែងការ គួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ផងដែរ ។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា ការទទួលបានជោគជ័យ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពបានល្អ ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥នេះ បានល្អ ដោយអាជ្ញាធររាជធានីភ្នំពេញ កងរាជអាវុធហត្ថនិងកងកម្លាំង ប៉ូលីសរាជធានីភ្នំពេញ សហការគ្នាបានល្អ ។ នេះជាបទពិសោធដ៏ល្អមួយ ដែលអាចទទួលបានភាពជោគជ័យ ជាបន្តបន្ទាប់ទៀត នៅក្នុងកិច្ចប្រជុំកំពូលៗ នៅពេលខាងមុខទៀត ៕

To Top