ព័ត៌មានជាតិ

ខេត្តព្រៃវែង ជាខេត្តទី៦ បានការផ្សព្វផ្សាយ ដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន

ព្រៃវែង៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា ខេត្តព្រៃវែង គឺជាខេត្តទី៦ ហើយដែល ប.ស.ស. បានបើកពិធីផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន បន្ទាប់ពី លោកបណ្ឌិតរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកយុទ្ធនាការ ផ្សព្វផ្សាយចំនួន ៩០ថ្ងៃស្តីពីការដាក់ឱ្យអនុវត្ត របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។

លោកអគ្គនាយក ប.ស.ស. បានថ្លែងឱ្យដឹងថា៖ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ មានបងប្អូនកម្មករនិយោជិតសរុបប្រមាណជាង ៣៣ ម៉ឺននាក់ហើយ ដែលទទួលបានការផ្សព្វផ្សាយ ​ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរយៈក្រុមការងារត្រីភាគី ដែលក្នុងនោះបងប្អូនកម្មករនិយោជិត​ ជាស្រ្តីមានចំនួនប្រមាណជាង ២៤ម៉ឺននាក់។

លោកអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ យុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹង អំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍ តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។

ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់ អំពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃកម្ពុជា ដែលកើតចេញពីស្ថាបនិកសន្តិភាព ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ចាន់ វ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ក្នុងឱកាសជាមួយគ្នានេះ ក៏បានអំពាវនាវទៅដល់ នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូន កម្មករនិយោជិតទាំងអស់ ក្នុងខេត្តព្រៃវែង ត្រូវចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពេញចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាកាដូដ៏ពិសេសបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមបញ្ចាក់ជូនថា៖ ពិធីផ្សព្វផ្សាយខាងលើនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំ សាលាខេត្តព្រៃវែង ដោយមានសមាសភាព អញ្ជើញចូលរួម ពីតំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងតំណាងនិយោជក សហគ្រាស គ្រឹះស្ថាន សរុបប្រមាណជិត ៤០០នាក់៕

To Top