ព័ត៌មានជាតិ

សៀវភៅច្បាប់ សុវត្ថិភាពម្ហូបអាហារ ចំនួន ១០០០ក្បាល ត្រូវបានអង្គការស្បៀង អាហារពិភពលោក (FAO) ប្រចាំប្រទេសកម្ពុជា ប្រគល់ជូនអគ្គនាយកដ្ឋាន ក.ប.ប.

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានទទួលជួបលោកស្រី Rebekah Bell, តំណាង FAO ប្រចាំប្រទេសកម្ពុជា នៅអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធនឹងច្បាប់ ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបានរៀបចំពិធីប្រគល់ ទទួលសៀវភៅច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលជាការឧបត្ថម្ភ របស់អង្គការស្បៀងអាហារពិភពលោក ។

លោកប្រតិភូ បានជម្រាបជូនតំណាង FAO ប្រចាំប្រទេសកម្ពុជា ពីស្ថានភាពទូទៅ នៃការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យ ម្ហូបអាហារនៅកម្ពុជា ដែលជាប្រព័ន្ធពហុស្ថាប័ន ផ្អែកតាមគោលការណ៍ Integrated Food Chain Approach ដើម្បីធានាលក្ខខណ្ឌតម្រូវម្ហូបអាហារ ត្រូវបានអនុវត្តនៅ តាមគ្រប់ដំណាក់កាល នៃខ្សែចង្វាក់ផលិតកម្ម ។

លោកស្រី Rebekah Bell បានធ្វើការវាយតម្លៃខ្ពស់ ដល់អគ្គនាយកដ្ឋាន ក.ប.ប. ដែលបានសហការយ៉ាងល្អ ជាមួយ FAO ក្នុងការរៀបចំច្បាប់ ស្ដីពីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការចូលរួមអនុវត្តគម្រោង ជំនួយបច្ចេកទេសនានា រហូតទទួលបានលទ្ធផល ប្រកបដោយជោគជ័យ ។ លោកស្រី ក៏បានលើកឡើង ផងដែរ អំពីកិច្ចសហការបន្តក្នុងការរៀបចំ ប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារ នៅកម្ពុជាឱ្យមានលក្ខណៈទំនើប និងអាចអនុវត្ត បានប្រកបដោយប្រសិទ្ធភាព ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ផងដែរថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដោយមាន១១ជំពូក និង៤៣មាត្រា ដោយច្បាប់នេះកំណត់អំពីក្របខ័ណ្ឌ និងយន្តការសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់ នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាល នៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារ សុខភាព និងសុវត្ថិភាពម្ហូបអាហារ សម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមានការធ្វើពាណិជ្ជកម្ម ម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម មានសមត្ថកិច្ចដឹកនាំ សម្របសម្រួលការគ្រប់គ្រង់គុណភាព សុវត្ថិភាពម្ហូបអាហារដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ។

ក្នុងនោះដែរ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាមន្ត្រីស៊ើបអង្កេត ក្រោមច្បាប់ ស្តីសុវត្ថិភាពម្ហូបអាហារ នឹងពង្រឹងការអនុវត្តច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ ដើម្បីធានាបានការការពារ សុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ស្របតាមគោលបាយ ជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ៕

To Top