ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំក្រុមហ៊ុនថៃឱ្យ ធ្វើការវិនិយោគផលិតក្រដាស និងជីសរីរាង្គ នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំក្រុមហ៊ុនថៃ ឱ្យធ្វើការរវិនិយោគ លើការផលិតក្រដាស និងបង្កើតរោងចក្រផលិតជីសរីរាង្គ នៅប្រទេសកម្ពុជា។

នាឱកាសអនុញ្ញាតឲ្យលោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ (Korsak Chairasmisak) ប្រធានប្រតិបត្តិក្រុមហ៊ុន ស៊ីភី អល (CP All) ចូលជួបសម្ដែងការគួរសម និងពិភាក្សា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ពិនិត្យពិចារណាធ្វើការវិនិយោគ លើការផលិតក្រដាស នៅព្រះរាជាណាចក្រកម្ពុជា ព្រោះថា ក្រដាស គឺជាសម្ភារៈដែលត្រូវការចាំបាច់ ហើយក៏មានតម្រូវការកើនឡើងជាលំដាប់»។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានស្នើឲ្យក្រុមហ៊ុន ពិនិត្យមើលការបង្កើតរោងចក្រ ផលិតជីសរីរាង្គនៅកម្ពុជា ព្រោះថា ជីសរីរាង្គ គឺជាជីមួយដែលអាចប្រើប្រាស់ ធ្វើការដាំដុះដំណាំ ហើយផ្ដល់នូវគុណភាពដំណាំ ដែលមិនប៉ះពាល់ដល់សុខភាពផងដែរ។

នាឱកាសនោះ លោក កស័ក្ដិ ឆ័យរ៉ាក់ស្ម៊ីស័ក្ដិ ក៏បានគោរពជម្រាបជូន សម្ដេចតេជោ ថា ដំណើរទស្សនកិច្ច របស់លោក មកកាន់កម្ពុជានៅពេលនេះ ដើម្បីស្វែងរកសក្តានុពល ធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ។

ជាមួយគ្នានេះដែរ លោក ក៏បានគោរពជម្រាបជូន សម្ដេចតេជោ អំពីល្បែងយុទ្ធសាស្ត្រហ្គោល ដែលជាល្បែងមួយមានប្រភព ចេញមកពីប្រទេសចិនប្រមាណជា ៣០០០ឆ្នាំមកហើយ ហើយលោក សព្វថ្ងៃ គឺជាអ្នកបង្ហាត់បង្រៀន ល្បែងយុទ្ធសាស្ត្រនេះ ។

លោក បន្ដថា នូវការចូលរួមរបស់កុមារចំនួន ៣០នាក់ ទៅរៀនល្បែងយុទ្ធសាស្ត្រនេះនៅប្រទេសថៃ ហើយសម្រាប់ ៣០នាក់នេះ គឺជ្រើសរើសកុមារអាយុចាប់ពី ១០ឆ្នាំដល់ ១២ឆ្នាំ ។ លោកនឹងផ្ដល់ជូននូវរាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងការបញ្ជូនកុមារទៅរៀន លេងល្បែងហ្គោលនៅប្រទេសថៃនេះ។ លោក បានបញ្ជាក់ថា ល្បែងយុទ្ធសាស្ត្រហ្គោលនេះ គឺខ្មែរយើងហៅថា អុកចិន ដែលមានកូនគ្រាប់ពណ៌ខ្មៅ និងពណ៌ស ដែលដើរព័ទ្ធគ្នាដើម្បីយកជ័យជំនះ ៕

To Top