ព័ត៌មានជាតិ

គ្រួសារមួយ រស់នៅខេត្តសៀមរាប ដែលប្រឈម នឹងការបណ្តេញ ចេញពីផ្ទះ ដែលធ្លាប់រស់ នៅជាង៣៥ឆ្នាំ នៅថ្ងៃទី៦កញ្ញាខាងមុខនេះ សុំឲ្យសម្តេចតេជោហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ជួយធ្វើអន្តរាគមន៍ ដោះស្រាយគោលន យោបាយមនុស្សធម៌

សៀមរាប ៖ ស្ត្រីម្នាក់ជាកូនបំណុលក្នុងសំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សា ខេត្តសៀមរាប ជាម្ចាស់បំណុលបានសុំឲ្យ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកហ៊ុន ម៉ាណែត ជួយធ្វើអន្តរាគមន៍ដោះស្រាយ គោលនយោបាយមនុស្សធ៍ម ក្នុងខណៈដែលនាងនិងក្រុមគ្រួសារ ប្រឈមនឹងការបណ្តេញចេញពីផ្ទះ ដែលបានរស់នៅអស់រយះពេលជាង៣៥ឆ្នាំ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ក្នុងគ្រាដែលនាង មិនមានលំនៅដ្ឋាន ណាផ្សេងពីនេះដើម្បីស្នាក់នៅនោះទេ ។ ដូច្នេះតើឲ្យនាង និងក្រុមគ្រួសារ៤នាក់ទៀត ទៅរស់នៅទីណា? ។

ស្ត្រីរូបនេះឈ្មោះ សាម ចាន់ ហៅ ចៅ យុគចាន់ អាយុ៤២ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានអះអាងថា នាងមិនប្រឆាំង នឹងការសម្រេចរបស់តុលាការទេ ប៉ុន្តែដោយសារនាងរស់នៅលើ ផ្ទះទំនាស់នេះ រយៈពេលជាង៣៥ឆ្នាំ បង្កើតជាគ្រួសារ មួយមានសមាជិក ចំនួន៥នាក់ ទើបនាងស្នើសុំឱ្យមានការដោះស្រាយ គោលនយោបាយមនុស្សធម៌ ស្របតាមគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។

ស្ត្រីរូបនេះបានរំលឹកថា ដោយយោងតាមលិខិតសុំអន្តរាគមន៍ ស្នើសុំដោះស្រាយតាមគោលនយោបាយមនុស្សធ៍ម នោះលោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រី ក្រសួងយុត្តធម៌ បានចេញលិខិតលេខ២០០កយ អកអ១៧ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ដោយជំរាបមកលោកប្រធាន និងលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប ពិនិត្យដោះស្រាយជាសមត្ថកិច្ច ។
ដោយគ្មានដំណោះស្រាយទើបនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក អង្គ វង្សវឌ្ឍនាបានចារលើលិខិតរដ្ឋបាល លេខ២៦១ដោយចាត់ឲ្យលោកប្រាក់ សាវុធ ទីប្រឹក្សាក្រសួងយុត្តិធ៍ម ទទួលបន្ទុកអាជ្ញាសាលាពិនិត្យនិងចាត់ចែង លើការស្នើសុំដោះស្រាយ តាមគោលនយោបាយមនុស្សធ៍ម របស់ស្ត្រីឈ្មោះ សាម ចាន់ នេះបន្តទៀតតែមិនមានដំណោះស្រាយដដែល បែរជាលេចចេញនូវការកំណត់ឲ្យរុះរើផ្ទះចេញ ទៅវិញធ្វើឲ្យនាងតក់ស្លុត ក្នុងចិត្តយ៉ាងខ្លាំង។

ឈ្មោះ សាម ចាន់ បានរៀបរាប់ថា កាលពីអាយុ៦ឆ្នាំ នាងត្រូវបានលោកតា ចៅ យ៉ាំ និង ប្រពន្ឋឈ្មោះ យិត ឡាង សុំយកមកចិញ្ចឹម និងរស់នៅ ជាមួយក្នុងនាមជាកូនចៅ លើផ្ទះទំនាស់ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប តាំងពីឆ្នាំ១៩៨៦ ក្នុងអំឡុងពេល ដែលទាហានខ្មែរក្រហមឧស្សាហ៍ ចេញចូលអុកឡុកក្នុងភូមិមកម៉្លេះ ដោយមានចាស់ទុំនិងអាជ្ញាធរ មូលដ្ឋានធ្វើជាសាក្សី។ លុះមកដល់ឆ្នាំ១៩៩៨ លោកតា ចៅ យ៉ាំ និងប្រពន្ឋឈ្មោះយិត ឡាង បានរៀបការនាងជាមួយនឹងប្តីឈ្មោះសុច ច្រឹង និងមានកូនបីនាក់ រស់នៅលើដីផ្ទះទំនាស់នេះ រហូតមកដល់សព្វថ្ងៃ ដោយបាន ចុះស្ថិតិក្នុងសៀវភៅ ស្នាក់នៅត្រឹមត្រូវ ពិសេសយាយតាពុំទាន់បានចែកទ្រព្យ សម្បត្តិឬដីធ្លីផ្ទះសំបែងឱ្យនោះទេ ។ ចំណែកលោកយិត ខាវ ជាម្ចាស់បំណុល និងកូនៗ របស់លោកតា ចៅ យ៉ាំ មិនដែលបានមករស់នៅលើដីនិងផ្ទះទំនាស់នេះទេ គឺគ្រាន់តែមកលេងម្តងម្កាល ពេលបុណ្យទាន ប៉ុណ្ណោះ ។ ដោយឡែក ពួកគេទាំងអស់នេះ សុទ្ឋសឹងមានផ្ទះសំបែងរស់នៅរៀងៗខ្លួន គឺខ្លះនៅរាជធានីភ្នំពេញ ខ្លះនៅខេត្តសៀមរាប និងខ្លះទៀត នៅសហរដ្ឋអាមេរិក ។ បន្ទាប់មក នៅឆ្នាំ២០០៦ លោកតា ចៅ យ៉ាំ ស្លាប់នៅខេត្តសៀមរាប និង នៅឆ្នាំ២០១២ លោកយាយ យិត ឡាង បានស្លាប់នៅ សហរដ្ឋអាម៉េរិក ។

នាងសាម ចាន់ បានអះអាង ប៉ុន្តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះ សោ ប៊ុនណាវី បានដាក់ពាក្យ បណ្តឹងទៅសាលា ដំបូងខេត្តសៀមរាប ប្តឹងសុំកាន់កាប់និងគ្រប់គ្រងលើដីនិងផ្ទះទំនាស់នេះ ដោយយោងលើលិខិតគ្រប់គ្រងដី និងផ្ទះ ដែលចុះហត្ថលេខា ដោយលោក មេឃុំសំរោង តាំងពីសាលាដំបូង រហូតដល់តុលាការកំពូល ។ ចុងក្រោយតុលាការកំពូល បានសម្រេចប្រគល់ដី និងផ្ទះទំនាស់នេះ ទៅអោយឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី ជាអ្នកកាន់កាប់និងគ្រប់គ្រងតាមអំណាចសាលដីកាលេខ ១០៦”ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។
ចំពោះការសម្រេចខាងលើនេះ នាងមិនជំទាស់នោះទេ ប៉ុន្តែដោយសារនាងខ្ញុំរស់នៅលើដី និងផ្ទះទំនាស់នេះ និងបានបម្រើលោកតាចៅ យ៉ាំ និង លោកយាយ យិត ឡាង តាំងពីអាយុ៦ឆ្នាំ រហូតមកដល់តាយាយស្លាប់ ពុំមានដីឬ ផ្ទះសម្រាប់រស់នៅក្រៅពីដី និងផ្ទះទំនាស់ខាងលើនេះទេ ទើបនាងខ្ញុំបានស្នើសុំការដោះស្រាយ តាមគោលការណ៍មនុស្សធម៌ ជាច្រើនលើកច្រើនសារតាមរយៈលោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួង យុត្តធម៌តែលោក យិត ខាវ មិនព្រមដោះស្រាយសោះ ទើបនាងស្នើសុំឲ្យសម្តេច តេជោហ៊ុនសែន មេត្តាជួយធ្វើ អន្តរាគមន៍ ដើម្បីដោះស្រាយគោល នយោបាយ មនុស្សធម៌ ស្របតាមគោលនយោបាយឈ្នះឈ្នះ ដោយក្តីអនុគ្រោះ៕

To Top