នយោបាយ

សម្ដេចតេជោ បង្ហាញក្ដីរីករាយ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន នៅកម្ពុជា ទទួលជោគជ័យ ស្របពេលពិភពលោក កំពុងចម្រូងចម្រាស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវក្តីរីករាយជាខ្លាំង ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ ដោយបានចេញ សេចក្ដីថ្លែងការណ៍រួមមួយ បានយ៉ាងល្អ ស្របពេលពិភពលោក កំពុងចម្រូងចម្រាស ។

ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ បង្ហាញការរីករាយខ្លាំង ដែលកម្ពុជា បានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន នាពេលកន្លងទៅនេះ មានប្រទេសជាច្រើន បានមកជួបប្រជុំគ្នា ។ សម្ដេច ក៏បានកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធ ក្នុងការថែរក្សាសុវត្ថិភាព សម្រាប់ថ្នាក់ដឹកនាំប្រទេសជាច្រើន មកប្រជុំនៅកម្ពុជា ។

សម្ដេចតេជោ បញ្ជាក់ថា «អ្វីដែលសំខាន់ជាងនេះទៅទៀត ខ្ញុំសូមអរគុណ និងកោតសរសើរ ចំពោះ រដ្ឋមន្ដ្រីក្រសួងបរទេសកម្ពុជា ក៏ដូចជា ឧត្តមមន្ដ្រីរបស់កម្ពុជា ទាំងអស់ដែលបានធ្វើការដ៏ល្អក្នុងការសម្របសម្រួលចេញឯកសារ ក្នុងពេលពិភពលោក កំពុងចម្រូងចម្រាស យើងបានអញ្ជើញ មិត្តភត្តិរបស់យើង មកអង្គុយដោយស្រួល និយាយតាមសម្រួល និងចេញសេចក្ដីថ្លែងការណ៍មួយ បានយ៉ាងល្អ»។

សម្ដេចតេជោបន្ដថា នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ការរៀបចំប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ា មានរឿងរ៉ាវច្រើន បានកើត រួមមាន៖ បញ្ហាមីយ៉ាម៉ា, បញ្ហាសមុទ្រចិនខាងត្បូង, បញ្ហាឧបទ្វីបកូរ៉េ, បញ្ហាសង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ី និងបញ្ហាវិវត្តស្មុគស្មាញ ក្នុងដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិកនៅ កោះតៃវ៉ាន ធ្វើកក្រើកពិភពលោក រហូតផ្អើលមកដល់ភ្នំពេញទៀត ។

សម្ដេចតេជោបន្ថែមថា កម្ពុជា បានធ្វើម្ចាស់ផ្ទះប្រព្រឹត្តិទៅដោយជោគជ័យ ក្រោយរដ្ឋមន្ដ្រីទាំងអស់បានចាប់ដៃគ្នា និងសន្ទនាគ្នាបានយ៉ាងល្អ ។ សម្ដេចថា «ឧត្តមមន្ដ្រីកម្ពុជា បានធ្វើកិច្ចការយ៉ាងល្អ សម្របសម្រួលធ្វើឲ្យសេចក្ដីថ្លែងការណ៍មួយចេញរួច»។ សម្ដេចថា ប្រទេសដែលធ្លាប់មានការប្រឆាំងគ្នា បានចូលរួមអង្គុយប្រជុំជាមួយគ្នា ហើយបានចេញសេចក្ដីថ្លែងការណ៍ ខណៈសម្ដេច ចាត់ទុកការងារទាំងនេះ មិនមែនជារឿងងាយស្រួលឡើយ តែកម្ពុជា អាចធ្វើបាន ។

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានអរគុណចំពោះមិត្តភត្តិបរទេសទាំងអស់ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំ ពាក់ព័ន្ធនៅកម្ពុជា ហើយកាយវិការទាំងនេះ ធ្វើឲ្យកម្ពុជា ទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំនេះ ។ ទាំងនេះ ជាមូលដ្ឋាន មួយ សម្រាប់ឈានឆ្ពោះ ទៅកាន់កិច្ចប្រជុំអាស៊ាន នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ព្រមទាំង ជាមូលដ្ឋានឈានឆ្ពោះ ជោគជ័យនៃការប្រជុំប្រទេស អភិវឌ្ឍន៍ទាំង២០ នៅប្រទេសឥណ្ឌនេស៊ី ហើយក៏បង្កលក្ខណៈសម្បត្តិល្អមួយ សម្រាប់កិច្ចប្រជុំ អេប៊ិច នៅទីក្រុងបាងកក ទទួលបានជោគជ័យដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាពេលកន្លងទៅនេះ បានឲ្យដឹងថា កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរ ចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំ ប្រកបដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ៕

To Top