ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា ប្រជាពលរដ្ឋ អត់សុំលុយទិញឡាន ឬម៉ូតូឡើយ គឺពួកគាត់សុំអ្វីៗ ដែលបម្រើផលប្រយោជន៍ សាធារណៈ ដូចជា ៖ សាលារៀន ផ្លូវ វត្តអារាម ជាដើម។
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សា១ខ្នង ៤ជាន់ ២០បន្ទប់ នៅអនុវិទ្យាល័យ សោ ហឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា សំណើទាំងនេះ (សាលារៀន ផ្លូវ វត្តអារាម) គឺជាការឆ្លុះបញ្ចាំងច្បាស់ ពីពលរដ្ឋចង់ឲ្យសហគមន៍ ពួកគាត់មានការរីកចម្រើន ។
សម្ដេចគូសបញ្ជាក់ថា «ប្រជាពលដ្ឋយើង ខ្ញុំដើរច្រើនកន្លែងហើយ ហើយទទួលសំណូមពរ សំណើក៏ច្រើនដែរ។ គាត់អត់ដែលសុំលុយទិញឡាន ទិញម៉ូតូ ទិញរទេះគោ រទេះក្របី ដើម្បីបម្រើក្រុមគ្រួសារផ្ទាល់របស់គាត់ទេ។ គាត់មានតែសុំសាលារៀន សុំវត្ត សុំផ្លូវ សុំអ្វីៗដែលបម្រើផលប្រយោជន៍សាធារណៈ» ។
ឆ្លៀតឱកាសនោះ សម្ដេច ស ខេង ក៏បានកោតសរសើរជាថ្មីទៀត ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេលកន្លងទៅ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ។
ជាមួយគ្នានេះ សម្ដេច បានបង្ហាញមោទកភាព ចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលផ្ដល់ទំនុកចិត្តលើរាជរដ្ឋាភិបាល លើគណបក្ស និងលើរូបសម្ដេច ព្រមទាំងក្រុមការងារ ដើម្បីស្នើសុំឲ្យជួយសាងសង់ សាលារៀន ដ្បិតសម្ដេចអះអាងថា «បើគ្មានការជឿជាក់ និងការឲ្យតម្លៃទេនោះ សំណើនេះនឹងមិនអាច កើតឡើងឡើយ»៕