ព័ត៌មានជាតិ

សម្តេចតេជោ ៖ កូវីដមិនទាន់ចប់ទេ ខណៈសកលលោក កំពុងជួបប្រទះបញ្ហាប្រឈម ដ៏គួរឲ្យបារម្ភ ជាច្រើនទៀត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ស្របពេលជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយនោះ គឺសកលលោកទាំងមូល ក៏បាននិងកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដ៏គួរឲ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សន្ទុះ នៃការងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ចសកល ។

សម្តេចតេជោ បានថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំងកូវីដ-១៩(Pfizer) ពីប្រជាជន និងរដ្ឋាភិបាលអេស្ប៉ាញ នាព្រឹកថ្ងៃ១៨ សីហាថា “សកលលោកទាំងមូល បានកំពុងជួបបញ្ហាប្រឈម ព្រួយបារម្ភជាច្រើនទៀត ។ ជាក់ស្ដែង ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឲ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឲ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើង នៃអតិផរណា ។ ការណ៍នេះ អាចនឹងធ្វើឲ្យតម្រូវការសកលធ្លាក់ចុះ” ។

សម្តេចបន្តថា ជាងនេះទៅទៀត អតិផរណាខ្ពស់ក៏បាននិងកំពុង ដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនផងដែរ ។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះ ត្រូវការជាចាំបាច់នូវកិច្ចសហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់ ។

សម្តេចបានបញ្ជាក់ថា «ក្នុងស្មារតីនេះ ខ្ញុំសូមលើកទឹកចិត្ត ឲ្យមានការចាត់ទុកសុខុមាលភាព របស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត ប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតី ជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ» ។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជានឹងខិតខំពង្រឹងសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន ក៏ដូចជារវាងអាស៊ាន-សហភាពអឺរ៉ុប និងរវាងអាស៊ាន-អេស្ប៉ាញ ផងដែរ ។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះជាយ៉ាងនេះក្តី ជំងឺកូវីដមិនទាន់ឃ្លាតទៅណាឆ្ងាយទេ ។ ក្នុងន័យនេះ កម្ពុជាក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងជំងឺកូវីដ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្តនិងពន្លឿន ការចាក់វ៉ាក់សាំងដូសជំរុញ ដល់ប្រជាជនគ្រប់រូប និងកុមារអាយុពី៣ឆ្នាំឡើង ៕

To Top