ព័ត៌មានជាតិ

ផ្តន្ទាទោសអតីតមន្ត្រីយោធាផ្កាយ៣ម្នាក់ ដាក់គុក៤ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្ត ៦០លានរៀល ជាប់ពាក់ព័ន្ធ ការវាយប្រពន្ធចុង និង ចាក់សោរបង្ខាំងប្រពន្ធចុង និងកូនៗចុងនៅក្នុងផ្ទះ

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានកាសសាលក្រម លើសំណុំរឿងក្តី បុរសជាប់ចោទម្នាក់ ដែលជាអតីតមន្ត្រីយោធាផ្កាយ៣ នៅក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធការវាយប្រពន្ធចុង បង្ខាំងមនុស្សខុសច្បាប់ និងប្រើកាំភ្លើងគំរាមកូនៗ របស់ប្រពន្ធចុង ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ តុលា ឆ្នាំ២០១៩ និងខែកញ្ញា ឆ្នាំ២០២១ ។

ចៅក្រមក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចផ្តន្ទាទោស ជនជាប់ចោទដាក់គុកកំណត់៤ឆ្នាំ និង បង្គាប់ឱ្យគាត់ ត្រូវសងថ្លៃជម្ងឺចិត្ត ចំនួន ៦០លានរៀល ទៅ អតីតប្រពន្ធចុងរបស់គាត់និងកូនៗ ដែលត្រូវជាភាគី ដើមបណ្ដឹង នៅក្នុងរឿងក្តីក្តាំនេះ។

តុលាការក៏បានបើកផ្លូវឲ្យ ជនជាប់ចោទ ប្តឹងជំទាស់ ទៅកាន់សាលាឧទ្ទរណ៍តាមនីតិវិធីច្បាប់។

លោក ញឹម ពិសាល ជាប្រធានចៅក្រមប្រឹក្សាជំនុជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអោយដឹង នៅក្នុងអង្គសវនាការថាៈ ជនជាប់ចោទរូបនេះ មានឈ្មោះ ឡេង ប៊ុនស៊្រី ភេទប្រុស អាយុ ៥៦ ឆ្នាំ ជាអតីតៈ ជាមន្ត្រីយោធា។


លោកចៅក្រមពិសាល បានថ្លែងថាៈ នៅក្នុងសំណុំរឿងក្តីនេះ ជាប់ជាប់ចោទឈ្មោះ ឡេង ប៊ុនស្រ៊ី ត្រូវបានតំណាងអយ្យការចោទប្រកាន់ ចំនួនបទល្មើស រួមមាន៖ ទី ១-បទបង្ខាំងមនុស្សដោយខុសច្បាប់ប្រព្រឹត្តកាលពីថ្ងៃទី ៥ ដល់ថ្ងៃទី៧ កញ្ញា ឆ្នាំ២០២១។ ទី២- ចោទពីបទហិង្សា មនុស្សដោយចេតនាប្រព្រឹត្តដោយសហព័ន្ធតាមបញ្ញត្តិមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី៦ កញ្ញា ឆ្នាំ២០២១ និងទី៣- ចោទពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញតប្រព្រឹត្តកាលពីថ្ងៃទី៧ កញ្ញា ឆ្នាំ ២០២១។

រីឯទីតាំងប្រព្រឹត្តបទល្មើសទាំងនេះ គឺនៅផ្ទះលេខ ៤៩ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដូចគ្នា។

លោកចៅក្រមបានបញ្ជាក់ថាៈ ជនជាប់ចោទឈ្មោះ ឡេង ប៊ុនស្រ៊ី ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ឈ្មោះ ស៊ឹម ឡានី ភេទ ស្រី ជាអតីប្រពន្ធចុងរបស់គាត់ ដែលបានប្តឹងថា បានប្រើអំពើហិង្សា វាយប្រពន្ធ គម្រាមបាញ់សម្លាប់ប្រពន្ធ និង បានបង្ខាំង ប្រពន្ធនឹងកូនៗ របស់នាង ចំនួន៣នាក់ នៅក្នុងផ្ទះ អស់រយៈ ជាច្រើនម៉ោង។

គួររំលឹកថា នាពេលសវនាការ កាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២២ ជនជាប់ចោទ ឈ្មោះ ឡេង ប៊ុនស្រ៊ី ដែលមានវត្តមាន នៅក្នុង បន្ទប់ជំនុំជម្រះក្តី តុលាការ បានឆ្លើយបដិសេធយ៉ាងដាច់ អហង្ការ ចំពោះ ការចោទប្រកាន់រូបគាត់ ខាងលើនេះ ព្រមទាំងលើដៃស្បថស្បែរផងថា៖ គាត់មិនបានប្រព្រឹត្តអ្វី ដូចការចោទ ប្រកាន់របស់ជនរងគ្រោះ ជាអតីតប្រពន្ធនិង កូនៗ ចុងទាំង៣នាក់នោះទេ។

ឈ្មោះ ឡេង ប៊ុនស្រ៊ី បាននិយាយថាៈការចោទប្រកាន់របស់ជនរងគ្រោះ ទាំងប៉ុន្មានខាងលើនេះ គឺ ជារឿង មិនពិត តែមានចេតនា ដើម្បីទម្លាក់កំហុស និង ធ្វើបាបខ្លួន។

ឈ្មោះ ឡេង ប៊ុនស្រ៊ី បានសំណូមពរ ដល់ក្រុមប្រឹក្សាជំនុំជម្រះ សម្រេច ទម្លាក់ចោទប្រកាន់ និង ដោះលែង រូបគាត់អោយមានសេរីភាពវិញ។

ក៏ប៉ុន្តែ ជនរងគ្រោះ ឈ្មោះ ស៊ឹម ឡានី បានអះអាសចំពោះ មុខអង្គសវនាការ ជំនុំជម្រះ ថា៖ ជនជាប់ចោទពិត ជាបានវាយនាង និង យកកំាភ្លើង គម្រាម និង ប៉ុនប៉ង សម្លាប់រូបនាង ព្រមទាំង បានចាប់បង្ឃាំងនាង និង កូនៗរបស់នាងពិតមែន មានទាំងអ្នកជិតខាង ឬ អាជ្ញាធម៌មូលដ្ឋាន បានដឹងលឺផងដែរ។

ជនរងគ្រោះ បានសំណូមពរ ដល់ដល់ក្រុមប្រឹក្សាជំនុំជម្រះ សម្រេច ផ្តន្ទាទោសដាក់ គុក អតីតៈស្វាមី ឈ្មោះ ឡេង ប៊ុនស្រ៊ី ទៅតាមច្បាប់ និង ទាមទារថ្លៃ ជម្ងឺចិត ចំនួន ៣៨ម៉ឺនដុល្លារអាមេរិក ពីជនជាប់ចោទ៕

ដោយៈ លីហ្សា

To Top