ព័ត៌មានជាតិ

កម្ពុជា មើលឃើញថា ក្នុងស្ថានភាពដ៏លំបាកនេះ ប្រទេសទាំងអស់ ត្រូវជួយគ្នាទៅវិញទៅមក

ភ្នំពេញ ៖ កម្ពុជាមើលឃើញថា ក្នុងស្ថានភាពដ៏ពិបាកប៉ាន់ស្មាននេះ ប្រទេសទាំងអស់ ត្រូវតែមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាយ៉ាងរឹងមាំ ហើយត្រូវជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់។ នេះជាការលើកឡើងរបស់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

នាឱកាសអនុញ្ញាតឲ្យលោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតអាមេនី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ សម្តេច សាយ ឈុំ បានថ្លែងថា ទោះបីជំងឹកូវីដ-១៩ បានថយចុះ ដូចពេលបច្ចុប្បន្នក៏ដោយ នៅទូទាំងពិភពលោក កំពុងទទួលរងនូវបញ្ហាប្រឈមថ្មីៗ ថែមទៀត ដែលជះឥទ្ធិពលដល់ការកើនឡើង នៃអតិផរិណានៅគ្រប់ទីកន្លែង និងកំពុងតែដាក់សម្ពាធ ទៅជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ។

សម្ដេច បញ្ជាក់ថា «ព្រឹទ្ធសភាកម្ពុជា មើលឃើញថា ក្នុងស្ថានភាពដ៏លំបាកដែលពិបាកប៉ាន់ស្មាននេះ ប្រទេសទាំងអស់ត្រូវតែមានកិច្ច សហប្រតិបត្តិការជាមួយគ្នាយ៉ាងរឹងមាំ ហើយត្រូវជួយគ្នាទៅវិញ ទៅមកជាងពេលណាៗទាំងអស់»។

សម្ដេច បន្ដថា ជាមួយគ្នានេះ តាមរយៈការអនុវត្តមុខងារស្នូលទាំងបី ជាអាទិ៍៖ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង ព្រឹទ្ធសភាកម្ពុជាបានរួមចំណែកយ៉ាងសកម្ម ដើម្បីថែរក្សាសន្តិភាព សន្តិសុខសង្គម ក៏ដូចជាការការពារឯករាជ្យភាព អធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ចំពោះទំនាក់ទំនងអន្តរជាតិ សភាកម្ពុជា គឺជាសមជិករបស់អង្គការសភាតំបន់ និងពិភពលោកផងដែរ។

ឆ្លៀតឱកាសនោះ លោកទូតអាមេនី បានលើកឡើងអំពីជំនួបពិភាក្សារវាង លោករដ្ឋលេខាធិការ នៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយភាគីទាំងពីរ បានយល់ស្របគ្នា ក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យមួយចំនួន ព្រមទាង បានត្រៀមចុះហត្ថលេខា លើឯកសារគតិយុត្តិជាច្រើន ដើម្បីជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យទេសចរណ៍ ៕

To Top