ព័ត៌មានជាតិ

លោក គួច ចំរើន ប្រាប់អ្នករាយការណ៍ពិសេស UN ថាស្ថានភាពជាក់ស្តែង នៅខេត្តព្រះសីហនុ គឺខុសពីការផ្សព្វផ្សាយ មួយចំនួន

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា ថា ស្ថានភាពជាក់ស្តែង នៅខេត្តព្រះសីហនុ គឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ មួយចំនួនបានផ្សព្វផ្សាយ ។ ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានសំណូមពរ ដល់ប្រតិភូ ដែលដឹកនាំដោយលោក វិទិត មុតតាបន សូមកត់ត្រាអ្វីដែលជាការពិត ។

ជំនួបពិភាក្សាការងារជាមួយ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក គួច ចំរើន បានជម្រាបជូនពីភូមិសាស្រ្ត ខេត្តព្រះសីហនុ និងការអភិវឌ្ឍន៍នានា ជាពិសេសភាពរីកចម្រើនរបស់ខេត្ត នារយៈពេលចុងក្រោយនេះ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណ លោក គួច ចំរើន ដែលបានឱ្យប្រតិភូរបស់លោក សិក្សាឈ្វេងយល់ អំពីកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីរកវិធីដោះស្រាយឱ្យបាន ទាន់ពេលវេលា ក្នុងនោះមាន ដូចជាស្ថានភាពសិទ្ធិមនុស្ស, ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស, ការជួញដូរមនុស្ស, ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត, ការបោកប្រាស់ តាមប្រព័ន្ធអនឡាញ និងស្ថានភាពជនរងគ្រោះ ដែលត្រូវបានជួយសង្គ្រោះជាដើម ។

ជាមួយគ្នានេះ លោក គួច ចំរើន បានជម្រាបជូន លោក វិទិត មុតតាបន ថា កម្ពុជាមានរដ្ឋធម្មនុញ្ញ និងច្បាប់ជាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស ការជួញ ដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធ អនឡាញជាដើម ហើយធ្វើការប្រយុទ្ធប្រឆាំង ចំពោះបញ្ហានេះផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ ប្រឆាំងអំពើទាំងឡាយណា ដែលល្មើសនឹងច្បាប់កម្ពុជា និងបទដ្ឋានគតិយុត្តនានា របស់អន្តរជាតិ។

លោកអភិបាល ខេត្ត បានអះអាងទៀតថា អាជ្ញាធរខេត្តព្រះសីហនុ គ្រប់ជាន់ថ្នាក់ មិនដែលគេចវេស ពីតួនាទីរបស់ខ្លួននោះឡើយ ពោលគឺយើង សហការគ្នាអនុវត្តច្បាប់ និងបង្រ្កាបរាល់បទល្មើស ដោយគ្មានការបន្ធូរដៃឡើយ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមស្វាគមន៍ គ្រប់ភាគីពាក់ព័ន្ធ និងបណ្តាស្ថានទូតប្រទេសនានាជាមិត្ត ក្នុងការសហការស្វែងរក ឬសគល់នៃបទល្មើស ដើម្បីឈានទៅដល់ការបង្ក្រាប ឱ្យកាន់តែមានប្រសិទ្ធភាព ។

លោកបានជម្រាបជូនថា កន្លងមកប្រទេសកម្ពុជា និងប្រទេសថៃមានលំហូរពលករ ខុសច្បាប់ ទៅវិញទៅមក ហើយមានពលករខ្មែរ ទៅធ្វើការប្រទេសថៃ និងក៏មានពលករថៃ មកធ្វើការនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តព្រះសីហនុ តាមរយៈការអូសទាញ ដោយខុសច្បាប់។

លោក គួច ចំរើន បានថ្លែងថា “២០ឆ្នាំមុនពលរដ្ឋខ្មែរ ជាច្រើននាក់ រងការធ្វើទុក្ខបុកម្នេញ ឬជួញដូរ នៅថៃ ម៉ាឡេស៊ី តៃវ៉ាន់ ចិន យើងជាខ្មែរមានការឈឺចាប់ ។ ដូច្នេះសម្រាប់នៅកម្ពុជា យើងមិនឱ្យការឈឺចាប់នេះ កើតមានទៀតនោះឡើយ”។

កន្លងមកមានការលើកឡើងថា មានករណីចាប់បង្ខាំងមនុស្ស ដោយខុសច្បាប់ នៅតាមទីតាំង អាជីវកម្មមួយចំនួន ក្នុងខេត្តព្រះសីហនុ តែពេលសមត្ថកិច្ច ចុះទៅដល់ គឺអ្នកដែលតាំងខ្លួន ជាជនរងគ្រោះទាំងនោះ កំពុងធ្វើការជាធម្មតា និងអ្នកខ្លះទៀត កំពុងសម្រាកលេងទូរស័ព្ទជាដើម។ បន្ទាប់ពីសមត្ថកិច្ចសួរនាំ គឺពួកគេចង់ប្តូរ កន្លែងធ្វើការ ទើបប្តឹងសមត្ថកិច្ចថាមានករណីចាប់បង្ខាំង។ ហើយករណីខ្លះទៀត គឺដើមបណ្តឹងជាអ្នកផ្សេង ដោយសាម៉ីខ្លួន មិនបានប្តឹង ឡើយ ហើយក៏មិនមានករណីចាប់បង្ខាំងឡើយ គឺពួកគេស្ម័គ្រចិត្តធ្វើការងារជាធម្មតា។ ទន្ទឹមនោះ ក៏មានឧក្រិដ្ឋកម្មគ្រឿងញៀន ដែលអាជ្ញាធរខេត្ត ធ្វើការបង្ក្រាបបានកាលពីពេលថ្មីៗនេះមានចំនួន ៨៧១គីឡូក្រាម បង្កឡើងដោយជនបរទេស នៅក្នុងខេត្តព្រះសីហនុ។

លោកអភិបាលខេត្ត បានជជែកពិភាក្សា និងបានឆ្លើយសំណួរជាច្រើន ដែលបានចោទសួរឡើង ដោយអ្នករាយការណ៍ពិសេស របស់អង្គការ សហប្រជាជាតិ ។ ដោយសំណួរភាគច្រើន ផ្តោតលើបញ្ហាសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់ តាមប្រព័ន្ធអនឡាញជាដើម ។

ក្រោយស្តាប់ការពន្យល់ បកស្រាយអស់ជាច្រើនម៉ោង អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ បានរីករាយស្វាគមន៍ ចំពោះការឆ្លើយតប នឹងសំណួរ របស់លោក។

ក្នុងជំនួបនោះ លោក វិទិត មុតតាបន បានលើកឡើងថា កិច្ចពិភាក្សានេះ គឺបានធ្វើឡើងដោយភាពកក់ក្តៅ និងយោគយល់គ្នាទៅវិញទៅមក ពាក់ព័ន្ធសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាម ប្រព័ន្ធអនឡាញជាដើម។

លោកបន្តថា ដំណើរទស្សនកិច្ច នៅក្នុងខេត្តព្រះសីហនុ គឺចង់សិក្សាស្វែងយល់បន្ថែម ពីបញ្ហាទាំងនេះ ដើម្បីរៀបចំដាក់ក្នុងរបាយការណ៍ការងារ របស់លោកក្នុងនៅចុងឆ្នាំ។

លោក វិទិត មុតតាបន សម្តែងការគាំទ្រចំពោះ ដំណើរការសិទ្ធិមនុស្សនៅកម្ពុជា និងចង់ដឹងអំពីស្ថានភាពទូទៅក្នុងខេត្តព្រះសីហនុ ទាក់ទងនឹងសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់ តាមប្រព័ន្ធអនឡាញជាដើម ដើម្បីរកវិធីដោះស្រាយបានទាន់ពេលវេលា៕

To Top