ព័ត៌មានជាតិ

សម្តេចតេជោ ស្នើម៉ាល់ឌីវ ពិនិត្យការវិនិយោគលើ ស្រូវ-អង្ករកម្ពុជា សម្រាប់នាំចេញ ទៅប្រទេសខ្លួន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើសុំឲ្យលោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការ សហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និង ជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ លើកទឹកចិត្តឲ្យ អ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការ វិនិយោគលើកសិផល ស្រូវ-អង្ករ សម្រាប់ការនាំចេញទៅប្រទេសខ្លួន។

ការស្នើរបស់សម្ដេចតេជោ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក អាប់ឌូឡា សាហ៊ីដ នាថ្ងៃទី២២ សីហានេះ ។

ក្នុងជំនួបនោះលោក អាប់ឌូឡា សាហ៊ីដ ក៏បានវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ដែលបានប្ដេជ្ញាចិត្តនាំប្រទេស ទៅជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោក អាប់ឌូឡា សាហ៊ីដ បានសង្កេតឃើញពីសក្តានុពលនៅកម្ពុជា ដែលម៉ាល់ឌីវ និងកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការគ្នា ជាពិសេសលើ វិស័យពាណិជ្ជកម្ម។ លោកថា កម្ពុជា មានប្រភពចំណី អាហារដែលអាច នាំចេញទៅម៉ាល់ឌីវ ក្នុងន័យនេះ លោកគោរពជម្រាបជូនសម្ដេចតេជោថា នឹងសហការជាមួយក្រសួងការបរទេសកម្ពុជា និងជំរុញអ្នក វិនិយោគម៉ាឌីវ ឲ្យពិនិត្យមើលការវិនិយោគនៅកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើងថែមទៀត ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក អាប់ឌូឡា សាហ៊ីដ ចំពោះការលើកឡើងដ៏ល្អអំពីកម្ពុជា ហើយបានសុំឲ្យលោក ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសម៉ាល់ឌីវផង ជួយជម្រុញអ្នកវិនិយោគពិនិត្យមើលសក្កដានុពលនៅកម្ពុជា ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើង ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ បានឲ្យលោក អាប់ឌូឡា សាហ៊ីដ ពិនិត្យអំពីភាពអនុគ្រោះនៃការវិនិយោគនៅកម្ពុជា ជាពិសេស នៅលើវិស័យកសិកម្ម។

សម្ដេចបានមានប្រសាសន៍ថា កម្ពុជាបានអនុញ្ញាតឲ្យជនបរទេសមកបណ្ដាក់ទុន១០០% ជាពិសេសក្នុងការដាក់ទុនលើវិស័យកសិកម្ម ដូចជាការដាក់ម៉ាស៊ីន កិនស្រូវ, ការវិនិយោគ ទៅលើឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីកសិករ ដើម្បីកិន ហើយសម្រាប់នាំចេញ ទៅប្រទេសដទៃ ។ ក្នុងន័យនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំឲ្យលោករដ្ឋមន្ត្រី លើកទឹកចិត្តអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញទៅប្រទេសម៉ាឌីវផ្ទាល់ ៕

To Top