ព័ត៌មានជាតិ

សម្តេចតេជោ៖ កម្ពុជា មិនអាចមានវិបត្តិសេដ្ឋកិច្ច ដួលរលំដូចស្រីលង្ការឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅកម្ពុជាមិនអាចមានវិបត្តិសេដ្ឋកិច្ច ដួលរលំដួចប្រទេសស្រីលង្ការនោះទេ ។ ការអះអាងរបស់សម្តេចថា មិនដួលរលំដូចស្រីលង្ការ ព្រោះស្រីលង្ការមានបុគ្គលិករដ្ឋច្រើន ដោយត្រូវចំណាយថវិកាជាតិ បើកឲ្យបុគ្គល ខណៈកម្ពុជាវិញសម្តេចថា បានគិតគូយ៉ាងច្បាស់លាស់ លើការជ្រើសបុគ្គលិករដ្ឋ មកបំពេញការងារនៅតាមស្ថាប័ន-ក្រសួងនានា។

ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីក្រុមប្រឆាំង និងអ្នកវិភាគមួយចំនួនថា កម្ពុជាអាចនឹងជួបវិបត្តិសេដ្ឋកិច្ច រហូតដល់ដួលរលំប្រទេស ដូចស្រីលង្ការ។

ក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃ ២៣ សីហា សម្តេចតេជោ បានលើកឡើងថា សម្តេចមានការភ្ញាក់ផ្អើល ចំពោះវិបត្តិសេដ្ឋកិច្ចនៅស្រីលង្ការ ខណៈអ្នកខ្លះថា បញ្ហានៅស្រីលង្ការដួលរលំ ក៏ថាសេដ្ឋកិច្ចកម្ពុជានឹងដួលរលំដែរ ។

សម្តេចបញ្ជាក់ថា «ខ្ញុំបានលឺថា ស្រីលង្ការមានបុគ្គលិក១លាន៥សែននាក់ អីចឹងបើដូច្នោះមែនស្រីលង្ការ រកប្រាក់ត្រឹមបើកប្រាក់ខែ មន្ត្រីរាជការគឺមិនគ្រប់ផង»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា នៅកម្ពុជាមិនអាចធ្វើដូច ស្រីលង្ការបាននោះទេ។

សម្តេចថា នៅស្រីលង្ការមានប្រជាជន មិនច្រើនពេកនោះដែរ ហើយបើសិន ស្រីលង្ការមានប្រជាជន រហូតដល់លាននាក់ ហើយមន្ត្រីរាជការទទួលប្រាក់ខែ រហូតដល់លាននាក់នោះ គឺវិបត្តិផ្តើមចេញកន្លែងហ្នឹងតែម្តង។

សម្តេចតេជោថា «សូមជម្រាបមើលកន្លែងហ្នឹងផង ពីព្រោះថា នេះជាបញ្ហា។ នៅកម្ពុជា ខ្ញុំឲ្យប្រុងប្រយ័ត្នខ្លាំងណាស់លើបញ្ហាក្របខណ្ឌ មិនឲ្យរើសតែផ្តេសផ្តាសទេ កន្លងទៅស្ថាប័នខ្លះ ខ្ញុំអនុញ្ញាតថាអ្នកចូលនិវត្តន៍១០នាក់ ឲ្យរើសវិញ១០នាក់ ប៉ុន្តែស្ថាប័នខ្លះចូលនិវត្តន៍១០នាក់ ឲ្យរើស៥នាក់ ឬ៣នាក់តែប៉ុណ្ណោះ»។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ការកាត់បន្ថយការជ្រើសរើស មន្ត្រីរាជការនៅតាមស្ថាប័ន គឺដើម្បីកាត់បន្ថយការចំណាយ លើកបុគ្គលិកមន្ត្រីរាជការទាំងនោះ។

សម្តេចគូសបញ្ជាក់ថា «អីចឹងមិនមែនតែសុទ្ធតែនាំគ្នា សម្រុកចូលក្នុងក្របខណ្ឌរដ្ឋនោះទេ គឺត្រូវតែប្រឡងចូលឲ្យបានច្បាស់លាស់ ហើយត្រូវសំរិតសំរាំងយកអ្នកពូកែ ។ គឺមិនអាចចេះឆ្បោលៗហើយ គិតតែក្របខណ្ឌៗនោះទេ»។

សម្តេចតេជោ ក៏បានលើកឡើងថា ដូច្នេះគ្រប់ក្រសួងស្ថាប័ន កុំគិតតែចូលក្របខណ្ឌ ដោយមិនគិតពីការចំណាយថវិកាជាតិ ៕

To Top