នយោបាយ

លោក សុខ ឥសាន ៖ បើ សម រង្ស៊ី ក្លាហានអួតចូលស្រុក មិនចាំបាច់ឲ្យរាជរដ្ឋាភិបាល បើកផ្លូវទេ (Video)

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបោះដៃបន្ថែមហៅលោក សម រង្ស៊ី ឲ្យចូលស្រុកវិញ បើក្លាហានអួតថាចូល កុំចាំបាច់ឲ្យរាជរដ្ឋាភិបាលបើកផ្លូវ។ ការបោះដៃហៅរបស់អ្នកនាំពាក្យ បក្សកាន់អំណាចនេះ បន្ថែមពីលើសំដីរបស់លោក សម រង្ស៊ីដែលបានអះអាងថា នឹងចូលស្រុកវិញ ដើម្បីចូលខ្លួនបំភ្លឺក្នុងតុលាការ លើបណ្តឹងថ្មីចុងក្រោយ របស់លោកមួយទៀត នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ ។

លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ២៤ សីហា នេះ បានតបទៅលោក សម រង្ស៊ីវិញ ដែលស្រែកដង្ហោយចង់ស្រុកវិញថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អួតថា ខ្លួនជាអ្នកក្លាហាន បើក្លាហានមែន ចង់ចូលស្រុកខ្មែរ មិនបាច់ឲ្យគេបើកផ្លូវឲ្យទេ។ រឿងតុលាការជារឿងតុលាការ ឯរឿងរបស់រាជរដ្ឋាភិបាល ជារបស់រាជរដ្ឋាភិបាល ដីកាកោះហៅរបស់តុលាការ ត្រង់អ្នកឯងមកមិនមក ជាការទទួលខុសត្រូវរបស់អ្នកឯង” ។

លោកបន្តថា លោក សម រង្ស៊ី ជាទណ្ឌិតមានសាលក្រម និងសាលដីការបស់តុលាការរួចហើយ ចង់ចូលមកក្នុងប្រទេសស្របច្បាប់ ឬមិនស្របច្បាប់ជារឿងផ្ទាល់ខ្លួន របស់អ្នកឯង រាជរដ្ឋាភិបាល មិនទទួលខុសត្រូវជាមួយទេ ។

លោក សុខ ឥសាន បានស៊កសៀតទៀតថា បើជាអ្នកក្លាហាន ទោះត្រូវជាប់គុកជាង១០០ឆ្នាំក្តី ក៏នៅតែមកដែរ ។ នោះទើបគេហៅថា ជាអ្នកក្លាហានមែន ។ បើឲ្យគេធានាទើបហ៊ានមក មិនហៅថាជាអ្នកក្លាហានទេ ។
ជាថ្មីម្តងទៀត កាលពីថ្ងៃរាត្រីថ្ងៃ២៣ សីហា លោក សម រង្ស៊ីបានបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា នឹងចូលស្រុកវិញ ដើម្បីចូលរួមក្នុងសវនាការ តុលាការទីក្រុងភ្នំពេញ ស្របតាមដីកានានារបស់តុលាការនេះ ដូចជាដីកាចុងក្រោយបង្អស់នេះ(១៥ កញ្ញា)។ ប៉ុន្តែដូចសព្វមួយដង ឲ្យតែលោកប្រកាសចូលស្រុកវិញ គឺតែងតែភ្ជាប់លក្ខខណ្ឌមកជាមួយ ដើម្បីដោះដូរជាមួយរាជរដ្ឋាភិបាល ។

លក្ខខណ្ឌថ្មីនេះ មាន៣ចំណុច គឺលោកបានឲ្យរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំនោះ គឺ “លើកបម្រាមទាំង៣ចំពោះរូបខ្ញុំ ដូចខាងក្រោមនេះ ៖ បម្រាមហាមឃាត់ មិនឲ្យក្រុមហ៊ុនអាកាសចរណ៍នានា ដឹកខ្ញុំទៅកាន់អាកាសយានដ្ឋានណាមួយ នៅប្រទេសកម្ពុជា។ បម្រាមដែលសម្តេច ហ៊ុន សែន បានអង្វរទៅរដ្ឋាភិបាលប្រទេសថៃ ហាមឃាត់រូបខ្ញុំ មិនឲ្យធ្វើដំណើរឆ្ពោះ មកកាន់ប្រទេសកម្ពុជា តាមផ្លូវគោក ដោយឆ្លងកាត់ដែនដីប្រទេសថៃ។ បម្រាមហាមឃាត់ មិនឲ្យប្រជាពលរដ្ឋខ្មែរទូទៅ មកទទួលស្វាគមន៍រូបខ្ញុំ តាមការស្ម័គ្រចិត្ត នៅពេលមាតុភូមិនិវត្តន៍របស់ខ្ញុំ”។

សូមបញ្ជាក់ថា រាប់ទាំងបណ្តឹងចុងក្រោយនេះ ដែលតម្រូវឲ្យលោកសម រង្ស៊ី និងកូនជំនិតផ្សេងទៀត ចូលខ្លួនបំភ្លឺនៅតុលាការ នាថ្ងៃ១៥ កញ្ញា ខាងមុខនោះ សរុបមកទល់ពេលនេះ លោក សម រង្ស៊ីមានបណ្តឹងជាប់ខ្លួន ប្រមាណជាជិត២០បណ្តឹងហើយ ៕

To Top