ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំអភិបាលស្រុកព្រៃឈរឡើងថ្មី រួមសាមគ្គីគ្នា អភិវឌ្ឍបន្ថែមក្នុងមូលដ្ឋាន

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំអភិបាលស្រុកព្រៃឈរ ទើបប្រកាសចូលកាន់តំណែង ឱ្យចេះរួមសាមគ្គីគ្នា ជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានបន្ថែម និងនាំមកនូវការរីកចម្រើនដល់ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២២ ក្នុងឱកាសអញ្ជើញ ប្រកាស លោក ហេង ម៉េងឈុន មកពីអភិបាលរងស្រុកកងមាស ចូលកាន់តំណែងជាអភិបាលស្រុកព្រៃឈរ ជំនួសលោក ឡោ ចាន់លី ដែលត្រូវចូលកាន់តំណែងជា អភិបាលរងខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា អភិបាលស្រុកព្រៃឈរទើបចូលកាន់តំណែង ត្រូវខិតខំរួមសាមគ្គីគ្នា ធ្វើការ ដែលមានក្រុមប្រឹក្សា គណៈអភិបាលស្រុក ត្រូវធ្វើការដោយមានការឯកភាពគ្នា ហើយចេះសម្រេចចិត្តប្រកាន់ លើគោលការណ៍សមូហភាព ។ ប្រសិនបើមានបញ្ហាប្រឈម ត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំ គណៈអភិបាល ឬសុំយោបល់ទៅក្រុមប្រឹក្សាស្រុក ។

ទន្ទឹមនឹងនេះ ត្រូវគិតគូរអំពីបញ្ហាអភិវឌ្ឍន៍ មូលដ្ឋានក្នុងអាណត្តិរបស់ខ្លួន ពោលគឺចាំបាច់ត្រូវធ្វើអ្វីមួយ ដែលជាស្នាដៃរបស់ខ្លួន ។ ត្រូវខិតខំពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ឱ្យបានល្អជូនប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ដោយអនុវត្តឲ្យបាន នៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ៕

To Top