ព័ត៌មានជាតិ

កូរ៉េ សន្យាជួយកម្ពុជា លើផ្នែកស្តារនីតិសម្បទា របស់កម្មករនិយោជិត ដែលរងគ្រោះថ្នាក់ការងារ

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន លើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ 

ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រង គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

នាឱកាសនោះ លោក អ៉ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម JAEKAP LEE ដែលបានដឹកនាំ គណៈប្រតិភូមកទស្សនកិច្ច ដើម្បីជួយឧបត្ថម្ភគាំទ្រ លើផ្នែកស្តារនីតិសម្បទា ដល់កម្មករនិយោជិតរបស់កម្ពុជាដែលជួបនឹងគ្រោះថ្នាក់ការងារ នៅកន្លែងធ្វើការ។ 

លោករដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈបទពិសោធន៍ការងារ ជាអតីតរដ្ឋមន្ត្រីក្រសួង ការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ នឹងបានចែករំលែកបទពិសោធន៍ការងារ ជួយមកដល់កម្ពុជា ឲ្យវិស័យមួយនេះ ទទួលបាននូវលទ្ធផលល្អ។ 

ពេលមកដល់កម្ពុជា លោក JAEKAP LEE មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារឃើញមានការរីកចម្រើន យ៉ាងឆាប់រហ័ស លើការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា។ មានបទពិសោធន៍លើកិច្ចការងារស្តារនីតិសម្បទា របស់កម្មករនិយោជិតដែលទទួលរងនូវគ្រោះថ្នាក់ការងារនេះ លោកបានបញ្ជាក់ថា រូបលោក ធ្លាប់បានចូលរួមចងក្រងជាគោលនយោបាយ សម្រាប់គាំពារកម្មករនិយោជិតកូរ៉េ ដែលទទួលរងគ្រោះថ្នាក់នៅកន្លែងការងារ និងស្តារនីតិសម្បទាជូនពួកគាត់ អាចវិលត្រឡប់ទៅធ្វើការដូចដើមវិញបាន។ ក្រុមការងាររបស់លោក នឹងជួយក្រុមការងារកម្ពុជាលើផ្នែកនេះ ដើម្បីយកទៅអនុវត្តកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។

លោករដ្ឋមន្ត្រី លើកឡើងថា កាលពី២០ឆ្នាំមុន កម្ពុជាមិនមានការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃបែបនេះទេ ដោយសារតែរដ្ឋាភិបាលកម្ពុជា ប្រកាន់ភ្ជាប់នូវសន្តិភាព និងការរក្សាបាននូវស្ថេរភាពនយោបាយ ទើបមានការអភិវឌ្ឍលឿនបែបនេះ។ មានសន្តិភាព គឺមានឱកាសក្នុងការអភិវឌ្ឍ។ កម្ពុជាបើកជំហរឲ្យមានការវិនិយោគទាំងខាងក្នុង និងខាងក្រៅ មានទំនាក់ទំនងជាមួយដៃគូនានា និងបណ្តាប្រទេសទាំងអស់ គ្រប់និន្នាកាដើម្បីស្រូបទាញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យមានសកម្មភាពរស់រវើក។ 

ពាក់ព័ន្ធនឹងកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជា ពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ លោក អ៉ិត សំហេង លើកឡើងថា គឺមានទំនាក់ទំនងល្អប្រសើរណាស់ បន្ទាប់ពីមានដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ធ្វើឲ្យប្រទេសទាំងពីរ ក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងពាណិជ្ជកម្មសេរីរបស់ប្រទេសយើងទាំងពីរផង បានផ្តល់ប្រយោជន៍ពីគ្នាទៅវិញទៅមក ប្រកបដោយផ្លែផ្កាដ៏ល្អបំផុត។  លំហូរនៃអ្នកវិនិយោគកូរ៉េចូលមកកាន់កម្ពុជា មានការកើនឡើងជាលំដាប់ បានធ្វើការវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់។ 

ចំពោះទំនាក់ទំនងលើវិស័យការងារវិញ លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងបម្រើការងារ នៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង៥ម៉ឺននាក់ ទទួលបាននូវចំណេះ ជំនាញ ប្រាក់ចំណូល បទពិសោធន៍ការងារ រហូតក្លាយជាសហគ្រិនភាពដ៏ចំណាន។ មួយវិញទៀត លើប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ(OSH) កូរ៉េបានផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសមកដល់កម្ពុជា រួមជាមួយនឹងសេវាការងារដល់NEA ផងដែរ។ កូរ៉េមានបទពិសោធន៍ច្រើន ទំាងគោលនយោបាយ យន្តការ និងសេវាសម្បូរបែប លើការគ្រប់គ្រង និងដោះសា្រយបញ្ហាគ្រោះថ្នាក់ការងារ ជូនដល់កម្មករនិយោជិតរបស់ខ្លួន នឹងចែករំលែកបទពិសោធន៍ទាំងនេះ មកខាងប.ស.ស យកទៅអនុវត្តឲ្យទទួលបាន ជោគជ័យបន្ថែមទៀត។  

លោករដ្ឋមន្រ្តី ក៏បានលើកឡើងពី ការអភិវឌ្ឍរបបសន្តិសុខសង្គមរបស់កម្ពុជា មកដល់ពេលនេះកម្ពុជា បានអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ រួមមាន៖ ទី១.ផ្នែកហានិភ័យការងារ អនុវត្តនៅឆ្នាំ២០០៨, ទី២.ផ្នែកថែទាំសុខភាព អនុវត្តនៅឆ្នាំ២០១៦, និងទី៣.ផ្នែកប្រាក់សោធន ទើបប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយបាននិងកំពុងធ្វើយុទ្ធនាការ រយៈពេល ៩០ថ្ងៃ ផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីការងារ៕

To Top