ព័ត៌មានជាតិ

សម្តេចតេជោ ប្រសិទ្ធនាមស្ពានអាកាស ទើបសាងសង់ ២កន្លែងទៀត គឺស្ពានអាកាសមុនីវង្ស និងស្ពានអាកាស គង់ សំអុល

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរកន្លែងទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រសិទ្ធនាមដាក់ឈ្មោះស្ពានអាកាសថ្មីទី១. ស្ពានអាកាសមុនីវង្ស និងទី២.ស្ពានអាកាសគង់ សំអុល។

សម្តេចតេជោបានលើកឡើងបន្តថា ដោយសារស្ពានអាកាសដែលទើបបើកការដ្ឋានសាងសង់ថ្មីនេះមានឈ្មោះវែងមិនងាយចង់ចាំ ទើបសម្តេចសម្រេចដាក់ឈ្មោះស្ពានទាំងពីរនេះឲ្យខ្លីងាយស្រួលចាំ គឺទី១.ស្អានអាកាសព្រះមុនីវង្ស និងទី២. ស្ពានអាកាសគង់ សំអុលតែម្តង ។

ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១.ស្ថិតនៅចំណុចប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២.ស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្នុងខណ្ឌពោធិ៍សែនជ័យ។

ស្ពានអាកាសទាំងពីរនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ចំណាយថវិកាសរុប ៤៦,៧៧៥.០០០ដុល្លារ។ ក្នុងនោះស្ពានអាកាសចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពល ខេមរភូមិន្ទ (ផ្លូវលេខ២៧១) ចំណាយថវិកា ៣៦,៧៧៥,០០០ដុល្លារ និងចំណាយពេលសាងសង់ ៣៦ខែ។
ដោយឡែក ស្ពានអាកាសចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ចំណាយថវិកា ១០,០០០,០០០ដុល្លារ ចំណាយពេលសាងសង់ ១៦ខែ។

សូមជម្រាបថា ការសាងសង់ស្ពានអាកាស២បន្ថែមទៀតនេះ ធ្វើឲ្យកម្ពុជាមានស្ពានអាកាសរហូតដល់៨កន្លែងហើយ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងក្រុង។

បើគិតត្រឹមដើមឆ្នាំ២០២២នេះ ភ្នំពេញមានស្ពានអាកាសសរុបទាំងចំនួន៧នោះ រួមមាន ៖ ១. ស្ពានអាកាសក្បាលថ្នល់ , ២. ស្ពានអាកាស៧មករា , ៣. ស្ពានអាកាស៥មករា , ៤. ស្ពានអាកាសតិចណូ , ៥.ស្ពានអាកាសរង្វង់មូលចោមចៅ , ៦. ស្ពានអាកាសឫស្សីកែវ កំពុងចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ និងស្ពានអាកាសថ្មី២នេះទៀត៕

To Top