ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជកម្ម ស្នើសភាអាមេរិកបន្តផ្តល់ GSP ឲ្យកម្ពុជាទៀត ក្រោយផុតសុពលភាព កាលពីឆ្នាំ២០២០

ភ្នំពេញ៖ បន្ទាប់ពីអស់សុពលភាព២ឆ្នាំមក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើសមាជិកសភាអាមេរិក ជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក​ ដល់កម្ពុជាបន្តទៀត។ ការស្នើរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មខ្មែរ ក្រោយពីប្រព័ន្ធអនុគ្រោះពន្ធនេះ បានផុតសុពលភាពពីកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

នាឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ លោកស្រី Carol Miller សមាជិកសភាសហរដ្ឋអាមេរិក​ ប្រចាំរដ្ឋ West Virginia នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើង ពីទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានការកើនឡើង យ៉ាងល្អប្រសើរ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ។

លើសពីនេះ លោកបានលើកឡើងពីអត្ថប្រយោជន៍ ដែលកម្ពុជាទទួលបាន ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដែលបានទាក់ទាញរោងចក្រ ផលិតសម្ភារៈធ្វើដំណើរជាច្រើន មកកម្ពុជា និងបានបង្កើតការងារជាច្រើន ដល់ប្រជាជនកម្ពុជា។

លោករដ្ឋមន្ដ្រី បញ្ជាក់ថា «ស្នើឲ្យសមាជិកសភាសហរដ្ឋអាមេរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ដល់កម្ពុជាបន្តទៀត ព្រមទាំងបានបញ្ជាក់ ពីតម្រូវការចាំបាច់របស់កម្ពុជា នាពេលបច្ចុប្បន្ន ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មី នៃសង្គមឌីជីថល រួមមាន ៖ បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ជាដើម»។

ជាការឆ្លើយតប លោកស្រី និងសមាជិកសភាសហរដ្ឋអាមេរិក បានសម្តែងចំណាប់អារម្មណ៍ ចំពោះបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន និងស្វែងយល់ពីសក្តានុពលរបស់កម្ពុជា និងកិច្ចការនានា ដែលសហរដ្ឋអាមេរិក អាចជួយជ្រោមជ្រែង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

សូមបញ្ជាក់ថា GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ អនុញ្ញាតឲ្យមានការនាំចូលទំនិញ ដោយមិនបង់ពន្ធទៅកាន់អាមេរិក ។ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាមេរិកតាំងឆ្នាំ១៩៩៧ ហើយអាច ឲ្យកម្ពុជានាំទំនិញ និងផលិតផលរាប់ពាន់មុខ ទៅកាន់ទីផ្សារអាមេរិក ៕

To Top