ព័ត៌មានជាតិ

ក្រសួងការពារជាតិចិន ផ្តល់ជំនួយឥតសំណង ជារថយន្តទំនើបចំនួន ១៥០គ្រឿង និងសម្ភារការិយាល័យ ជាច្រើនទៀត ជូនក្រសួងការពារជាតិ កម្ពុជា

ភ្នំពេញ ៖ ក្រសួងការពារជាតិចិន បានផ្តល់ជំនួយឥត សំណងជារថយន្ត ទំនើបៗចំនួន១៥០គ្រឿង និងសម្ភារការិយាល័យ ជាច្រើនផ្សេង ជូនដល់ក្រសួង ការពារជាតិកម្ពុជា ។

ពិធីប្រគល់និងទទួលនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្តេច ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១ កញ្ញា ២០២២ ក្នុងរាជធានីភ្នំពេញ ។ កម្មវិធីនេះក៏មានការអញ្ជើញ ចូលរួមពីសំណាក់មន្ត្រីយោធា ជាន់ខ្ពស់កម្ពុជា និងមន្ត្រីយោធា និងស៊ីវិលចិនជាច្រើនរូបទៀត ព្រមទាំងនាយទាហាន ពលទាហានជាច្រើនរូប ។

លោក Wang Wentian បានមានប្រសាសន៍ថា ចិន និងកម្ពុជា បានកសាងសហគមជោគវាសនា រួមមុនគេ ដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្រ ពង្រឹងនិងពង្រីកទំនាក់ទំនង ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាបន្តបន្ទាប់ ហើយចំណងមិត្តភាព រវាងប្រទេសទាំងពីរ បានឈានឡើងដល់កម្រិតកំពូល។
ឯកឧត្តមបន្តថា ភាគីចិន គាំទ្រ យ៉ាងមុតមាំចំពោះកម្ពុជា ជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ដោយម្ចាស់ការ គំាទ្រយ៉ាងមុតមាំ ចំពោះការកសាងទ័ពនិងខឿន ការពារជាតិកម្ពុជា ។

លោកបន្ថែមថា ការផ្តល់ជំនួយទាំងនេះ គឺជាសកម្មភាពជាក់ស្តែង ដែលក្រសួងការពារជាតិចិនជួយគាំទ្រ ដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្តី្រ ការពារជាតិ អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយភាគីចិនសង្ឃឹមទៅមុខថា កម្ពុជានឹងដើរតួនាទីកាន់តែសកម្ម និងកាន់តែសំខាន់ ក្នុងកិច្ចការសន្តិសុខតំបន់ ហើយគោលដៅចិន គឺនឹងអនុវត្តយ៉ាងម៉ឺងមាត់ នូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល ដែលលើកឡើង ដោយប្រធានរដ្ឋចិន Xi Jinping ប្រគៀកស្មា ជាមួយកងយោធពលខេមរភូមិន្ទ ជំរុញកិច្ចសហប្រតិបត្តិការ គាំពារស្ថេរភាព តំបន់និងផលប្រយោជន៍រួម អភិវឌ្ឍន៍ទំនាក់ទំនងកងទ័ព ប្រទេសទាំងពីរ ប្រកបដោយគុណភាពខ្ពស់ ក្នុងយុគសម័យថ្មី ។

ជាមួយគ្នានេះ សម្តេច ទៀ បាញ់ បានបង្ហាញសេចក្តី សប្បាយរីករាយ និងបានវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍ ដ៏មានអត្ថន័យ ជ្រាលជ្រៅ របស់ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដែលឆ្លុះបញ្ចាំងនូវការប្ដេជ្ញាចិត្ត យ៉ាងមោះមុត របស់ថ្នាក់ដឹកនាំគ្រប់ ជាន់ថ្នាក់ នៃប្រទេសទាំងពីរ នៅក្នុងការងារការពារជាតិ និងលើកស្ទួយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងឋានៈជាមិត្តដែកថែប ឱ្យគង់វង្ស និងរីកម្រើនជានិច្ចតរៀងទៅ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សម្រាប់ ស្មារតីជួយយកអាសារគ្នា ក្នុងគ្រាលំបាក ប្រកបដោយឆន្ទៈ គឺជាឧបករណ៍ដ៏មាន ប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ លើសពីនេះ សម្តេចទៀ បាញ់ ក៏បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នូវគោលជំហរ របស់ក្រសួងការពារជាតិកម្ពុជា ក្នុងកាគាំទ្រឥតងាករេចំពោះនយោបាយ ចិនតែមួយ និងចក្ខុវិស័យ សហគមន៍វាសនារួម ចិន និងកម្ពុជា ។

សម្តេច ទៀ បាញ់ បានមានប្រសាសន៍ថា ក្រសួងការពារជាតិ ក៏ដូចជា កងយោធពលខេមរភូមិន្ទ ទាំងមូល មានមោទនភាពជាអនេក ទទួលបាននូវសម្ភារ ផ្នែកដឹកជញ្ជូន ផ្នែកបញ្ជូនសារជាសម្ភារ ការិយាល័យ ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន នាពេលនេះ។ តាមរយៈឯកឧត្តម ឯកឧត្តម Wang Wentian សម្តេចសូមថ្លែងអំណរគុណ ចំពោះរដ្ឋមន្ត្រីការពារជាតិចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសំណើ របស់ក្រសួងពារជាតិកម្ពុជា ។
ក្នុងនាមក្រសួង ការពារជាតិកម្ពុជា និងកងយោធលពលខេមរភូមិន្ទ សម្តេចសូមសម្តែង នូវការដឹងគុណ ចំពោះក្រសួងការពារជាតិចិន កងទ័ពរំដោះ ប្រជាជនចិន សម្រាប់ការជំរុញឲ្យមានផ្លែផ្កា នៃកិច្ចសប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ និងផ្តល់ផលប្រយោជន៍ សម្រាប់កម្ពុជា ។

សម្តេចបញ្ជាក់ដែរថា សម្ភារទាំងអស់នេះពិតជាមានតម្លៃថ្លៃ បានក្នុងពេលក្រសួងការពារជាតិ កម្ពុជា កំពុងត្រូវការចាំបាច់បំផុត សម្រាប់បម្រើ ឲ្យការងារ ទំនាក់ទំនងបរទេស ផ្នែកយោធា ជាពិសេស ក្នុងពេល ដែលក្រសួង ការពារជាតិកម្ពុជា កំពុងមមាញឹកក្នុងការបំពេញតួនាទីដឹកនាំ ក្នុងឋានៈជាប្រធាន អាស៊ាន សម្រាប់ឆ្នាំ២០២២នេះ ។ មិនត្រឹមតែប៉ុណ្ណោះទេ សម្ភារដ៏មានតម្លៃទាំងអស់នេះ ក៏អាចនឹងយកទៅប្រើប្រាស់ ក្នុងកិច្ចការសំខាន់ៗ ជាលក្ខណៈអន្តរជាតិផ្សេងៗទៀត ។

លោក Tang Hao សេនានុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិបានអញ្ជើញចុះហត្ថលេខា លើលិខិតប្រគល់និងទទួលសម្ភារទាំងនេះ ក្រោមការអញ្ជើញជាសាក្សី ពីសំណាក់ សម្តេច ទៀ បាញ់ និងឯកឧត្តម Wang Wentian និងមានការប្រគល់កូនសោរថយន្ត ជានិមិត្តរូប តំណាងឲ្យរថយន្តទាំង១៥០គ្រឿង ផងដែរ។ ក្នុងពេលនោះ គណប្រតិភូក៏បានអញ្ជើញ ពិនិត្យសម្ភារទាំងនោះផងដែរ ក្នុងបរិយាកាសរីករាយ ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top