ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២២បេះ បានធ្វើការជំនុំជម្រះ កំបាំងមុខ លើបណ្តឹងសុំដោះលែង ពី ពន្ធនាគារ របស់ជនជាប់ចោទឈ្មោះ សេង ច័ន្ទធារី ភេទស្រី ជាប់ពាក់ព័ន្ធនឹងបទល្មើស រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្រព្រឹត្តរាជធានីភ្នំពេញ។
សវនាការនេះ បានដឹកនាំជំនុំជម្រះ ដោយ លោកយន់ ណារ៉ុង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ មានលោកងួន រតនា និង លោកស្រី ចាន់ ម៉ារីណា ជាសមាជិកចៅក្រមប្រឹក្សា តំណាងអយ្យការ គឺ លោកព្រះរាជអាជ្ញារង អ៉ឹម សុផាន់ និង មានមេធាវីការពារក្តី ជនជាប់ចោទ គឺ លោកជួង ជុងងី ចូលរួមផងដែរ ។
បន្ទាប់ពីការបញ្ចប់ ការដេញដោល សាកសួរ មេធាវី ជនជាប់ចោទ និង ការសិក្សាសំណុំរឿង ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានសម្រេចប្រកាសសាលដីកានិង សម្រេច មិនដោះលែង ជនជាប់ចោទ ឈ្មោះ សេង ច័ន្ទធារី ពីពន្ធនាគារ តាមការស្នើសុំ របស់នាង តាមរយៈមេធាវី ជួង ជូងីឡើយ ។
លោកចៅក្រមយន់ ណារ៉ុង បានថ្លែងឱ្យដឹងថា : ជនជាប់ចោទ ឈ្មោះ សេង ធារី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២ ផ្តន្ទាទោស ដាក់គុក កំណត់ ៦ ឆ្នាំ ពីបទ រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ជាប់ពាក់ព័ន្ធ នឹង ផែនការ និង សកម្មភាព របស់លោកសមរង្ស៊ី និង មនុស្សជំនិតរបស់គាត់ ក្នុងការប៉ុនប៉ង ដើម្បីផ្តួលរលំ រដ្ឋាភិបាលកម្ពុជា ប្រព្រឹត្ត ចន្លោះឆ្នាំ ២០១៨ និង ២០២០។
ជនជាប់ចោទ សេង ច័ន្ទធារី ត្រូវបាន កម្លាំងសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២ ចាប់ឃាត់ខ្លួន និង បានបញ្ជូនខ្លួន ទៅឃុំខ្លួន នៅក្នុងពន្ធនាគា តាមអំណាចសាលក្រម របស់តុលាការរាជធានីភ្នំពេញ បន្ទាប់ពី តុលាការ បានប្រកាសសាលក្រម ផ្តន្ទាទោស រូបនាង ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ និងបង្គាប់ឲ្យចាប់ខ្លួន ជនជាប់ចោទយកទៅអនុវត្តទោស នៅក្នុង ពន្ធនាគារ។
បច្ចុប្បន្ននេះ, ជនជាប់ចោទឈ្មោះ សេង ច័ន្ទធារី កំពុងត្រូវបានឃុំខ្លួន នៅឯមន្ទីរពន្ធនាគារ នៅក្នុងខេត្តព្រះវិហារ៕
ដោយ: លីហ្សា