ព័ត៌មានជាតិ

កម្ពុជា អនុញ្ញាតឲ្យនាំចូល និងចែកចាយឡើងវិញ នូវម្សៅលាបទារក ១២ប្រភេទ ក្រោយផ្អាកបណ្ដោះអាសន្ន (Video)

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសអនុញ្ញាត ឲ្យនាំចូល និងចែកចាយឡើងវិញ នូវផលិតផលម្សៅលាបទារក និងកុមារចំនួន១២លេខកូដ ក្រោយផ្អាកជាបណ្ដោះអាសន្ន។

ការអនុញ្ញាតឲ្យនាំចូលនេះ ដោយសារមន្ទីរពិសោធន៍​ បានដំណើរការវិភាគ ដោយប្រើប្រាស់វិធីសាស្រ្ត TEM ដែលជាបច្ចេកវិទ្យាទំនើប និងបានបង្ហាញលទ្ធផលថា “សំណាកគំរូទាំង១២ នៃផលិតផលម្សៅលាបទារក និងកុមារ មិនត្រូវបានរកឃើញ មានសារធាតុអាសបេស្តុស”។ នេះបើយោងតាមសេក្ដីជូនដំណឹង របស់ ក.ប.ប នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ។

ក.ប.បបញ្ជាក់ថា «បន្ទាប់ពីបានបន្តការពិនិត្យ និងវិភាគយ៉ាងល្អិតល្អន់ លើគំរូផលិតផល ក្រោមកិច្ចសហការយ៉ាងជិតស្និត ជាមួយដៃគូអភិវឌ្ឍន៍ នៃប្រទេសអូស្ត្រាលី អគ្គនាយកដ្ឋាន ក.ប.ប សូមប្រកាសអនុញ្ញាត ឲ្យក្រុមហ៊ុនអាចនាំចូល និង ចែកចាយឡើងវិញ នូវផលិតផលម្សៅលាប សម្រាប់ទារកនិងកុមារទាំង ១២លេខកូដ ដែលបានកំណត់អត្តសញ្ញាណ ក្នុងតារាងឧបសម្ព័ន្ធ នៃសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២” ។

កាលពីថ្ងៃ២៣ សីហា អគ្គនាយកដ្ឋាន ក.ប.ប បានផ្អាកជាបណ្តោះអាសន្នការនាំចូល និងចែកចាយផលិតផលម្សៅលាបទារក និងកុមារចំនួន១២ លេខកូដ នៅក្នុងទីផ្សារកម្ពុជា ក្រោយមានការសង្ស័យថា មានវត្តមានសារធាតុអាសបេស្តុស (Asbestos)ដែលនាំឲ្យមានជំងឺមហារីក ដល់អ្នកប្រើប្រាស់ ។ នេះយោងតាមសេក្ដីជូនដំណឹងរបស់ ក.ប.ប ដដែល ។

ក.ប.ប.បន្ដថា វិធានការបានអនុវត្តនេះ គ្រាន់តែជាវិធានការបង្ការជាមុន ដោយហេតុ សារធាតុអាសបេស អាចមានក្នុងម្សៅតាល់ស៍ (Talcum Powder) គឺជាសារធាតុគ្រោះថ្នាក់ និងជាការព្រួយបារម្ភសកល ដែលចាំបាច់តម្រូវឲ្យមានភស្តុតាងវិទ្យាសាស្ត្រ បញ្ជាក់ត្រឹមត្រូវនិងច្បាស់លាស់៕

To Top