ព័ត៌មានជាតិ

បើកយុទ្ធនាការជិះចែកសម្ភារ និងគ្រឿងឧបភោគបរិភោគ ២៧ម៉ឺនកញ្ចប់ ដល់អ្នកខ្វះខាតទីទ័លក្រ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ បានបើកយុទ្ធនាការ «ជិះដើម្បីមិត្តយើង Ride for Mett Yeung» ដើម្បីចែកកញ្ចប់ជំនួយដល់អ្នកខ្វះខាត ជនទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ នៅទូទាំងប្រទេសចំនួន ២៧ម៉ឺនកញ្ចប់។
យុទ្ធនាការនេះ ជាសកម្មភាពសប្បុរសធម៌ដ៏មានសារៈសំខាន់មួយ និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីបង្ហាញពីទឹកចិត្តសប្បុរសធម៌ ដោយផ្តើមចេញពីការចែករំលែក ធនធានតាមលទ្ធភាព ពីសមាជិកមិត្តយើង ដល់អ្នកដែលខ្វះខាត និងអ្នកធ្វើការងារក្រៅប្រព័ន្ធ។

កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៣ ដោយសហការជាមួយក្រុមដឹកជញ្ជូន ក្រុមហ៊ុនដៃគូមិត្តយើង និងយុវជនស្ម័គ្រចិត្តមិត្តយើង ដើម្បីចែក «កញ្ចប់ជំនួយមិត្តយើង» ដែលរួមមាន គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ចំនួន ២៧០ ០០០ កញ្ចប់ ទៅដល់អ្នកខ្វះខាត អ្នកដែលទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ ដូចជា អ្នករត់ស៊ីក្លូ អ្នកលក់តាមរទេះ អ្នករត់ម៉ូតូឌុប អ្នករត់កង់បី កម្មករសំណង់ អ្នករត់តុ ចុងភៅ អនាម័យ សេវាកម្សាន្ត។ល។ នៅទូទាំង២៥ រាជធានី-ខេត្ត។

លោក ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់ សមាគមមិត្តយើង ដែលបានចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាព ដល់អ្នកខ្វះខាត អ្នកទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ តាមរយៈការផ្តល់ឱកាស ទទួលបានចំណេះដឹង, ការប្រឹក្សា, ចែករំលែកបទពិសោធន៍ពី អ្នកជំនាញផ្តោតលើអាជីវកម្ម និងមុខរបរចិញ្ចឹមជីវិត។

ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការ បានជំរុញដល់សមាគមមិត្តយើង ឱ្យបន្តចាប់ដៃជាមួយបណ្តាញដៃគូមិត្តយើង ក្នុងវិស័យក្រៅប្រព័ន្ធ និងសហគ្រាសធុនតូច និងមធ្យម ដើម្បីស្វែងរកជំនួយឧបត្ថម្ភ ចែកជូនដល់អ្នកខ្វះខាត អ្នកទីទ័លក្រ និងអ្នកធ្វើការងារក្រៅប្រព័ន្ធ នៅតាមបណ្តាខណ្ឌនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ឱ្យបានកាន់តែច្រើនទៅទៀត ជាពិសេសខិតខំស្វែងរកអត្ថប្រយោជន៍នានា របស់រាជរដ្ឋាភិបាល ដើម្បីសម្រួលបន្ទុករបស់ពួកគាត់៕

To Top