ព័ត៌មានជាតិ

អភិបាល ​រាជធានី​ភ្នំពេញ​ចូល​ជួប ​សម្ដែង​ការ​គួរសម​នាយករដ្ឋមន្ត្រីវៀតណាម

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់សាធារណៈរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមដំណើរដោយ លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២​បានអញ្ជើញចូលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។

ក្នុងឱកាសចូលជួបសម្តែងការគួរសមនេះ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ មកកាន់ទីក្រុងហាណូយ និងទីក្រុងហូជីមីញ ពិតជាមានអត្ថន័យយ៉ាងសំខាន់ ក្នុងការរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង» រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងលើកកម្ពស់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ក៏ដូចជារវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ស្របគ្នានឹងការអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ(២៤/០៦/១៩៧៧-២៤/០៦/២០២២)។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដើម្បីចូលរួមអបអរសាទរ «ឆ្នាំមិត្តកម្ពុជា-វៀតណាម ឆ្នាំ២០២២» ជាពិសេសខួបលើកទី៤៥ នៃ «ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពត» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីនាំសុខសន្តិភាពទាំងស្រុង ជូនដល់កម្ពុជា។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានលើកសរសើរ និងអបអរសាទរ ចំពោះជ័យជំនះដ៏ត្រចះត្រចង់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ដោយលោកសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនេះនឹងអនុញ្ញាតឱ្យកម្ពុជា សម្រេចបានបន្ថែមទៀត នូវការកសាងសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនាសម្រាប់កម្ពុជា ។

ជាមួយគ្នានោះ លោក ឃួង ស្រេង បានជម្រាបជូននាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ផងដែរអំពីសភាពការណ៍ទូទៅនៅកម្ពុជា និងនៅរាជធានីភ្នំពេញ ជាពិសេសការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ជាមួយនឹងការគ្រប់គ្រងបានល្អប្រសើរ នូវការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំង បង្ការជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ តាមអភិក្រម «ផ្ការីក» និងការស្រោចវ៉ាក់សាំង ដោយចាប់ផ្តើមចេញដំណើរ ពីរាជធានីភ្នំពេញ ព្រមទាំងបន្តចាក់ជូនប្រជាពលរដ្ឋ នូវដូសជំរុញទី៣ ទី៤ និងទី៥ បន្តទៀត។

លោក ឃួង ស្រេង ក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្រ របស់នាយករដ្ឋមន្ត្រីវៀតណាម ដែលបានសន្យាថា នឹងបន្តគាំទ្រ និងបង្កលក្ខណៈល្អប្រសើរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការល្អ នៅកម្រិតថ្នាក់ក្រោមជាតិ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយឈរលើស្មារតីស្មោះត្រង់នឹងគ្នា ទុកចិត្តគ្នា និងទំនួលខុសត្រូវ តាមរយៈការផ្តល់អាទិភាពខ្ពស់ ក្នុងការរក្សា និងជំរុញភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង រវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការងារពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យជាអាទិភាពមួយចំនួន ដោយផ្តោតសំខាន់ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាល។

លោកនាយករដ្ឋមន្ត្រីវៀតណាម និងលោកអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរ ពីគោលបំណងបង្កើនទស្សនកិច្ចយុវជន ក្នុងគោលបំណងផ្លាស់ប្តូរ បទពិសោធន៍ លើការងារអភិវឌ្ឍទីក្រុង សម្រាប់អ្នកបន្តវេន នៃទំនាក់ទំនងរវាងទីក្រុងទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕

To Top