ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំ មន្ត្រីមុខងាសាធារណៈ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង (Video)

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈទាំងអស់ ត្រូវធ្វើការបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង ឬប្រកាន់និន្នាការនយោបាយឡើយ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា ក្នុងសំណុំរឿងមួយមិនត្រូវគិតថា បុគ្គលនេះមកពីគណបក្សណាមួយនោះទេ។

សម្ដេច បញ្ជាក់ថា «ក្នុងពេលដែលកងកម្លាំងត្រូវធ្វើការងារជួយសង្គ្រោះ ឬផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋមិនត្រូវគិតថា ពលរដ្ឋរូបនេះ មកពីបក្សនយោបាយណា ប្រសិនបើមន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈគិតបែបនេះ គឺមិនត្រឹមត្រូវនោះទេ ព្រោះយើងមានតួនាទីបំរើប្រជាពលរដ្ឋ»។

ក្នុងនោះដែរ សម្តេច ស ខេង ក៏បានលើកឡើង អំពីការលើកសរសើរដល់មន្ត្រីនគរបាល ដែលមានសមត្ថភាពបំពេញភារកិច្ចបានល្អ និងការដាក់ពិន័យ ចំពោះមន្ត្រីនគរបាល ដែលបានប្រពឹត្តកំហុសឆ្គងផងដែរ ដោយសម្តេច បានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលណា ដែលមិនគោរពគោការណ៍ គោលនយោបាយ របស់រាជរដ្ឋាភិបាល ឬមួយគោលការណ៍ របស់ក្រសួង ស្ថាប័ន អង្គភាព គឺត្រូវតែទទួលពិន័យ ដើម្បីធានាដល់សុវត្ថិភាព និងការពារកត្តិយសសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាល។

លើសពីនេះសម្តេច ស ខេង បានលើកឡើងថា ដើម្បីបង្កើតកសាងកងម្លាំង មួយប្រកបដោយវិជ្ជាជីវៈ សមត្ថភាព គុណធម៌ សមធម៌ វិន័យចាំបាច់ត្រូវ តែធ្វើការងារ ពីដើមដល់ចុងបញ្ចប់ឱ្យបានល្អ ។ ការចាប់ផ្តើម គឺ ការជ្រើសរើសមន្ត្រី ចូលក្របខណ្ឌនគរបាល ក្នុងនោះផងដែរមន្ត្រីទាំងនោះ ត្រូវទទួលបានការរៀនសូត្រ បណ្តុះបណ្តាលនេះ ជាគោលការណ៍ ដែលមិនអាចខ្វះបាន ដើម្បីបង្កើនសមត្ថភាព ហើយមន្ត្រីដែលមិនឆ្លង កាត់ការបណ្តុះបណ្តាល មិនអាចប្រគល់តួនាទី ភារកិច្ចឱ្យបានទេ៕

To Top