ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនក្រុមជួយសង្គ្រោះ និងអូប័រល្បឿនលឿន ជួយសង្គ្រោះអ្នកនេសាទ​ ៤នាក់​ដោយសុវត្ថិភាព ក្នុងហេតុការណ៍ លិចទូកកណ្តាលសមុទ្រ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារ ជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចំនួន៣គ្រឿង របស់គណៈកម្មាធិការសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ចេញអន្តរាគមន៍ទៅជួយសង្គ្រោះ ដោយសហការជាមួយ សមត្ថកិច្ចមូលដ្ឋានក្រុងកោះរ៉ុង ធ្វើការជួយសង្គ្រោះប្រជានេសាទ ដែលបានលិចទូក មួយគ្រឿង ប្រភេទអូសមឹក នៅជិតកោះវ៉ាង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់​ មានចំនួន០៤នាក់ ក្នុងនោះមានតាកុងទូក០១នាក់ និងកូនដៃ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ចាន់ ពិសាល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពេញ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាតាកុងទូក បានហែលឡើងគោក​ នៅចំនុចពយអាវតាផេង។ ២.ឈ្មោះ ដន ប៉ុននី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកូនដៃទូក បានហែលឡើងគោក នៅចំនុចពយអាវតាផេង។

៣.ឈ្មោះ នាក់ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកូនដៃទូក បានហែលឡើងគោក នៅចំនុចពយអាវតាផេង។ និង៤.ឈ្មោះហុត បឹប ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក ខេត្តព្រះសីហនុ ជាកូនដៃទូក បានហែលឡើងមកដល់គោក ចំណុចចំការតាមល រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីរកជំនួយអន្តរាគមន៍។

តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា ទូកនេសាទរបស់ពួកគាត់ បានចេញដំណើរនេសាទពីចំណុច មុខកោះស្តេច ហើយពេលមកដល់ចំណុចពយអាពត ជិតកោះវ៉ាង (ចំណុចកើតហេតុ) ទូកក៏បានទាក់ខ្សែង៉ាង (ខ្សែមង) ចំពេលរលកធំៗទៀត ទើបបណ្តាលអោយទូកលិចតែម្តង និងថាប្រសិនបើមិនមាន ការជួយសង្គ្រោះទាន់ពេលវេលាទេ ពួកគាត់អាចនឹងមានគ្រោះថ្នាក់ដ៏អាយុជីវិត។

សុំបញ្ជាក់ថា សំភារ:បាត់បង់រួមមាន ទូកអូសចំនួន ០១គ្រឿង, មងអូសមឹកចំនួន ៣ចូរ, ប្រេងចំនួន 5,000 លីត្រ ។ បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់អាយុជីវិតទេ។

លោកឧកញ៉ា បានធ្វើការអំពាវនាវ​ ដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

To Top