ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន ចុះពិនិត្យរថយន្តសេរីទំនើប១១៥គ្រឿង ជំនួយចិន ក្រោយឲ្យកងពលតូច ដឹកជញ្ជូនលេខ៩៩ គ្រប់គ្រង (Video)

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងវរសេនីយ៍ឯកពិសេស ថាំង ហាវ (Tang Hao) ប្រធានការិយាល័យ អនុព័ន្ធយោធា នៃស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញ ចុះត្រួតពិនិត្យ រថយន្តសេរីទំនើបចំនួន១១៥គ្រឿង ដែលជាជំនួយឥតសំណង របស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា ហើយប្រគល់ ជូនកងពលតូចដឹកជញ្ជូនលេខ៩៩ ជាអ្នកគ្រប់គ្រងមើលថែ ។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក្នុងឱកាសចុះពិនិត្យរថយន្ត នៅកងពលតូចដឹកជញ្ជូនលេខ៩៩ បានមានប្រសាសន៍ទៅកាន់លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ ដោយថ្លែងអំណរគុណចំពោះភាគីចិន បានផ្តល់ជាជំនួយឥតសំណង នូវរថយន្តសេរីទំនើបចំនួន១៥០គ្រឿង ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីត្រៀមជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ។

នាយឧត្តមសេនីយ៍ ក៏បានរំលឹកពីប្រវត្តិមួយចំនួននៃទំនាក់ទំនងរវាងក្រសួងការពារជាតិកម្ពុជា-ចិន ដែលជាមិត្តដែកថែប ។ ជាក់ស្តែងកាលពីឆ្នាំ២០១០ ភាគីចិនបានផ្តល់ រថយន្តចំនួន២០០គ្រឿង ដល់កម្ពុជា១២ឆ្នាំក្រោយ ពោលគឺនៅឆ្នាំ២០២២នេះ ភាគីចិនបានបន្តផ្តល់ ជូនរថយន្តសេរី ទំនើបចំនួន១៥០គ្រឿង ដល់ក្រសួងការពារជាតិកម្ពុជា ដែលក្នុងរថយន្តចំនួន១១៥គ្រឿង ត្រូវបានប្រគល់ជូនកងពល តូចដឹកជញ្ជូនលេខ៩៩ ។

ផ្ទាំងពាណិជ្ជកម្ម

នាយឧត្តមសេនីយ៍ ម៉ឹង សំផន មានប្រសាសន៍ទៀតថា ដោយសារសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ ជឿទុកចិត្ត ចំពោះកងពលតូច ដឹកជញ្ជូនលេខ៩៩ ទើបសម្រេចប្រគល់រថយន្តទាំងនេះ ឲ្យគ្រប់គ្រង ហើយចំពោះការប្រើប្រាស់រថយន្តសេរីទំនើបទាំងនេះ ត្រូវមានគោលការណ៍ពីរដ្ឋមន្ត្រីក្រសួងការជាតិជាមុន រួចនាយឧត្តមសេនីយ៍ និងពិនិត្យមើល តាមក្រោយទើបសម្រេចឲ្យយកទៅប្រើប្រាស់។

ចំណែក លោកវរសេនីយ៍ឯកពិសេស ថាំង ហាវ បានថ្លែងថា តាមរយៈប្រវត្តិទំនាក់ទំនង រវាងក្រសួងការពារជាតិចិន-កម្ពុជា រូបលោកផ្ទាល់ពិត ជាយកចិត្តទុកដាក់ចំពោះមនោសញ្ចេតនា នៃចំណងមិត្តភាពនេះខ្លាំង ហើយជំនួបលើកទី១ ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩នេះ ពិតជាបានបង្ហាញការស្និតស្នាល ។ មិត្តភាពនេះ គឺតពីមួយជំនាន់ ទៅមួយជំនាន់មិនចេះដាច់ ។

វរសេនីយ៍ឯកពិសេស ថាំង ហាវ ក៏បានថ្លែងកោតសរសើរចំពោះកងពលតូចដឹកជញ្ជូនលេខ៩៩ ជាពិសេស ចំពោះការដឹកនាំរបស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលគ្រប់គ្រងយ៉ាងតឹងរឹង ចំពោះការប្រើប្រាស់ និងថែទាំរថយន្តក្នុងអង្គភាព ៕

To Top