ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញការជឿជាក់ថា ចាប់ពីបិណ្ឌទី១ រហូតដល់ថ្ងៃភ្ជុំធំ នឹងមិនមានហានិភ័យការឆ្លងជំងឺកូវីដ-១៩ កើតឡើងនោះទេ ដោយប្រជាពលរដ្ឋត្រូវបន្ដ អនុវត្តវិធានការសុខាភិបាលបន្ថែមទៀត។
តាមរយៈសារសំឡេង នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោបានរំលឹកថា កាលពីបណ្ដាឆ្នាំមុនៗ រយៈពេលដូចគ្នានេះ គឺជារយៈពេលមានជំងឺឆ្លង យ៉ាងកាចសាហាវសម្រាប់កូវីដ-១៩ ហើយពេលនោះ ចាប់ពីបិណ្ឌទី៤ទៅ សម្ដេច រិះរកគ្រប់មធ្យោបាយ ដើម្បីរក្សាអាយុជីវិតប្រជាជន និងការពារកុំឲ្យឆ្លងពីជំងឺកូវីដ។
សម្ដេចតេជោបញ្ជាក់ថា «ឆ្នាំនេះ (ឆ្នាំ២០២២) បិណ្ឌទី១ និងបិណ្ឌទី២ ហើយនឹងជឿជាក់ថា រហូតដល់ពេលបុណ្យភ្ជុំបិណ្ឌ យើងមិនមានហានិភ័យ ណាមួយកើតឡើងនោះទេ ម្សិលមិញនេះ កម្រិតនៃការឆ្លង (ឆ្លងជំងឺកូវីដ) គឺតិចតួច ថ្ងៃនេះយើងក៏សង្ឃឹមថា ការឆ្លងក៏នៅកម្រិតតិចតួច»។
សម្ដេចតេជោបន្ដថា បញ្ហាទាំងអស់នេះ ក៏ផ្ដើមចេញពីការជោគជ័យ របស់ប្រជាជនកម្ពុជាដែលរួមគ្នា ដោះស្រាយបញ្ហាប្រឈមដ៏ធំនេះ។ សម្ដេចរំលឹកបន្ថែមថា កាលពីឆ្នាំកន្លងទៅ សម្ដេច ប្រកាសថា «យើងស្ថិតនៅមុខជ្រោះមរណៈ»។ ប៉ុន្ដែឆ្នាំ២០២២នេះ សម្ដេចថា ប្រជាជនកម្ពុជាបានរួមគ្នា ទៅធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណី ដោយសប្បាយរីករាយ។
សម្ដេចតេជោ ក៏បានកត់សម្គាល់ថា វិធីសាស្ដ្រ និងរបៀបគ្រប់គ្រងជំងឺកូវីដ-១៩ របស់កម្ពុជា សម្រេចបានជោគជ័យ ខណៈកម្ពុជាពុំមានករណី ស្លាប់តាំងពីខែមេសា រហូតមកដល់ពេលនេះ។ ចំណុចទាំងនេះ គឺជាជោគជ័យផ្នែកនយោបាយ ខាងចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះ ក៏ចាត់ទុកថា «ជាយុទ្ធសាស្រ្ដវ៉ាក់សាំង ដ៏ជោគជ័យរបស់កម្ពុជា»។
លើសពីនេះ សម្ដេចតេជោ ក៏បានបន្ដអំពាវនាវចំពោះ ព្រះសង្ឃ តាអាចារ្យ និងយាយជី ព្រមទាំងប្រជាពលរដ្ឋ ទៅធ្វើបុណ្យ ត្រូវបន្ដអនុវត្តវិធានការសុខាភិបាល ជ្រៀសវាង ការឆ្លងជំងឺកូវីដ-១៩ឡើងវិញ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
នាឱកាសពិធីបុណ្យកាន់បិណ្ឌនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនប្រជាពលរដ្ឋ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៣៧,៧១០នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ១៣៤,៥៧៩នាក់ និងស្លាប់ ចំនួន ៣,០៥៦នាក់ ៕