ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បង្កើតគណៈកម្មការ ដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង ក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីសិក្សា ធ្វើយ៉ាងណា ដោះស្រាយនិងកាត់បន្ថយ ការលិចលង់ ដោយជំនន់ទឹកភ្លៀង នៅក្នុងខណ្ឌច្បារអំពៅ ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ ពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។
ក្នុងកិច្ចប្រជុំជាមួយ អាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ កញ្ញានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យ អាជ្ញាធរខណ្ឌ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើតគណៈកម្មការមួយ ដែលគណៈកម្មការនេះត្រូវធ្វើការ
សិក្សានៅតំបន់ច្បារអំពៅ ឲ្យបានហ្មត់ចត់ ។

លោក លើកឡើងថា ក្រោយការសិក្សាបញ្ចប់ មន្រ្តីជំនាញនឹងធ្វើការស្ថាបនា លូ ប្រឡាយ ក៏ដូចជាស្ថានីយបូមទឹក ដើម្បីរំដោះទឹកនៅតំបន់លិចលង់ នៅក្នុងខណ្ឌច្បារអំពៅនេះ។
គណៈកម្មការនឹងធ្វើការសិក្សា ទៅលើទីតាំងចំនួន៤សំខាន់ៗ នៅក្នុងនោះរួមមាន៖ ការសិក្សាទីតាំងព្រែកអ្នកតាវាំង ព្រែកតាអេវ ព្រែកប្រា និងព្រែកបារាំង ។

លោកឃួង ស្រេង បានបញ្ជាក់ថា អង្គការចៃកា បានធ្វើការសិក្សាបង្កើតជាប្លង់គោល នៅក្នុងខណ្ឌច្បារអំពៅនេះរួចហើយ សម្រាប់ឆ្នាំ២០៣៥ ។ ដូច្នេះក្រុមការងារ ក៏ដូចជាគណៈកម្មការត្រូវចុះសិក្សាដោយយកប្លង់មេរបស់ចៃកាឆ្នាំ២០៣៥នេះជាគោល ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការដោះស្រាយបញ្ហាទឹកលិច នៅក្នុងខណ្ឌច្បារអំពៅ ជាបណ្ដោះអាសន្ន នៅរដូវវស្សានេះត្រូវតែធ្វើ ដោយលោកឃួង ស្រេង បានស្នើឱ្យអាជ្ញាធរ ខណ្ឌក៏ដូចជាមន្ទីរជំនាញ ចុះទៅទីតាំងជាក់ស្ដែង ខណៈមានភ្លៀងធ្លាក់ខ្លាំង ដើម្បីឲ្យដឹងពីទំហំ នៃការលិចលង់ ហើយរួមគ្នាដោះស្រាយជាបន្ទាន់ ជូនប្រជាពលរដ្ឋ៕

To Top